ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៤៩លានដុល្លារអាមេរិកដើម្បីជួយរដ្ឋាភិបាលកម្ពុជា សម្រេចគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៥ ក្នុងការផ្តល់នូវការទទួលបានជាសកល នូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមតំបន់ជនបទនៅក្នុងប្រទេស។
កម្មវិធីអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទី៣នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៤០០,០០០នាក់ ដោយសាងសង់ ឬស្តារកន្លែងទឹកជនបទចំនួន២ ៥០០នាក់ នៅក្នុងភូមិយ៉ាងតិច៤០០ នៅទូទាំងខេត្តចំនួន១០នៅកម្ពុជា។ វាក៏នឹងគាំទ្រដល់ការសាងសង់បង្គន់ថ្មីសម្រាប់គ្រួសារនីមួយៗ និងសាងសង់បង្គន់សាធារណៈនៅតាមសាលារៀន និងមណ្ឌលសុខភាពព្រម ទាំងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីអនាម័យផងដែរ។
-->
លោកស្រី Siti Hasanah អ្នកជំនាញការអភិវឌ្ឍទីក្រុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ការទទួលបានសេវាកម្មមូលដ្ឋាន ដូចជាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍដែលមានបរិយាប័ន និងនិរន្តរភាពនៅក្នុងប្រទេសណាមួយ”។
លោកបានបន្តថា “ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រគោលដៅ របស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលអាចទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់ក្នុងរយៈពេល៥ឆ្នាំខាងមុខ ជាពិសេសប្រជាជនដែលរស់នៅតាមជនបទ រួមជាមួយការខិតខំរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអនាម័យ”។
សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តនៅតែមានកម្រិតតិចតួចនៅតំបន់ជនបទ នៃប្រទេសកម្ពុជាដែលមានប្រមាណ៧៧% នៃប្រជាជនសរុប១៦,៥លាននាក់រស់នៅក្នុងប្រទេស។ ក្នុងឆ្នាំ២០១៧ ខណៈពេលដែល៧៣% នៃគ្រួសារនៅជនបទទទួលបានការផ្គត់ផ្គង់ទឹក ដែលមានភាពប្រសើរឡើងតែ១១% ទទួបបានការផ្គត់ផ្គង់ទឹក។ ទន្ទឹមនឹងនេះដែរ ប្រជាជននៅតាមជនបទ៥៦ភាគរយបានទទួលបានអនាម័យល្អប្រសើរ ហើយប្រហែល ៤១ភាគរយ នៃប្រជាជននៅតាមជនបទនៅតែអនុវត្តការបន្ទោរបង់ចំហរដែលអាចបណ្តាលឱ្យរាគ និងបញ្ហាសុខភាពសាធារណៈផ្សេងទៀត។
ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាអ្នកចូលរួមធំជាងគេ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដោយផ្តល់ប្រហែល២៥ភាគរយ នៃជំនួយខាងក្រៅសរុបសម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យរបស់ប្រទេស រួមមានទាំងទីក្រុងនិងជនបទ។ ចាប់តាំងពីឆ្នាំ២០០៥ ប្រជាជនចំនួន១លាននាក់បានទទួលអត្ថប្រយោជន៍ពីការទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងប្រជាជនចំនួន៥០០,០០០នាក់ពីសេវាអនាម័យប្រសើរជាងមុន ក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ីចំនួន៣នៅក្នុងបឹងទន្លេសាប។
កម្មវិធីអភិវឌ្ឍន៍នេះដែលត្រូវបានអនុម័តថ្មី រួមមាន ប្រាក់កម្ចីផ្អែកលើគោលនយោ បាយ១៥លានដុល្លារ កម្ចីឥណទានគម្រោង២៩,៦១លានដុល្លារ និងជំនួយ៤,៣៩លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ ប្រាក់កម្ចីផ្អែកលើគោលការណ៍នេះ នឹងផ្តល់ការគាំទ្រផ្នែកគោលនយោបាយ ដើម្បីកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធរៀបចំផែនការអនាម័យតាមជនបទព្រមជាមួយនឹងការផ្តល់សេវាកម្ម ឃ្លាំងស្តុក និងប្រព័ន្ធគ្រប់គ្រង និងការចូលរួមរបស់វិស័យឯកជន។
ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានចំនួន១លានដុល្លារ ពីមូលនិធិបច្ចេកវិទ្យាកម្រិតខ្ពស់ (HLTF) ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ដែលនឹងជួយសាកល្បងគម្រោងតំឡើង អង្គភាពផលិតទឹកពីខ្យល់ទៅក្នុងទីតាំងចំនួន៧ដោយមានកម្រិតទទួលបានទឹកស្អាតដែលមានសុវត្ថិភាព ជាពិសេសក្នុងរដូវប្រាំង៕