ដោយៈ រ៉ាណេត
ភ្នំពេញៈ ការកើនឡើងនូបកត្តាប្រជាសាស្រ្ត មជ្ឈមណ្ឌលពាណិជ្ជកម្មនានា និងជីវភាពប្រជាជនក្នុងតំបន់កាន់តែមានភាពធូរធារ តំបន់ស្ថិតក្នុងខ័ណ្ឌសែនសុខកំពុងមានភាពទាក់ទាញការវិនិយោគ Sky Bar ដែលជាភោជនីយដ្ឋានបែបប្រណីតមួយ សំរាប់ការកំសាន្តនិងលំហែរអារ្មណ៍។
ស្កាយបារ (Sky Bar) ជាប្រភេទទីកន្លែងអង្គុយទទួលទានភេសជ្ជៈ ឬស្រាបៀរ បែបទំនើបពេលរាត្រី ស្ថិតនៅជាន់លើបង្អស់នៃអគារដែលមានកម្ពស់ខ្ពស់ៗ កំពុងមានការពេញនិយម និងទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តភាពស៊ីវិល័យ នៅកណ្តាលរាជធានីភ្នំពេញ។
-->
នាយកគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោកធួន ស៊ីណាន ដែលកំពុងបោះទុនវិនិយោគជាច្រើនលានដុល្លារ នៅក្នុងខណ្ឌមួយនេះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះថា នៅក្នុងចំណោមខណ្ឌនានាដែលស្ថិតនៅតំបន់ជាយក្រុង សែនសុខ ត្រូវបានក្លាយជាខណ្ឌដែលមានភាពស៊ីវិល័យជាងគេ ជាពិសេសមានភាពរីកចម្រើនលើវិស័យពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋានបែបទំនើប។
លោកបានបន្តទៀតថា “Sky Bar ជាប្រភេទទីកន្លែង ដែលគេនិយមអង្គុយទទួលទានភដេសជ្ជៈ ឬស្រាបៀរបែបទំនើប ដែលត្រូវបានគេបង្កើតឡើងនៅលើជាន់លំហរអាកាសនៃអគារខ្ពស់ៗ និងបម្រើសេវានៅពេលយប់ ហើយភាគច្រើនត្រូវបានគេបង្កើតឡើងនៅកណ្តាលទីក្រុង និងមានការពេញនិយមនៅទូទាំងសាកលលោក”។ លោកបានបន្តទៀតថា “នៅភ្នំពេញឃើញមានបើកច្រើនទីតាំង ដែលភាគច្រើនមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ជាដើម ប៉ុន្តែសម្រាប់ទីតាំងដែលមានការពេញនិយមខ្លាំង ឃើញមានត្រឹម ៣-៤ កន្លែងតែប៉ុណ្ណោះ”។
លោកធួន ស៊ីណានបានបន្តទៀតថា អ្នកដែលនិយមទៅកន្លែងប្រភេទនេះ ភាគច្រើនជាយុវវ័យ និងមនុស្សវ័យកណ្តាល ដែលនិយមចូលចិត្តភាពទាន់សម័យ ក្នុងគោលបំណងបន្ធូរអារម្មណ៍ដែលហត់នឿយពីកិច្ចបំពេញការងារ ក៏ដូចជាមុខជំនួញ ដោយការទទួលទានអាហារ ឬភេសជ្ជៈនានា ជាមួយនឹងការគយគន់មើលទេសភាពទីក្រុងពេលរាត្រី។
បើទោះជា Sky Bar មានការពេញនិយមគាំទ្រពីមនុស្សជាច្រើន ប៉ុន្តែមិនប្រាកដថា ការវិនិយោគទៅលើវិស័យមួយនេះ សុទ្ធតែអាចទទួលបានភាគជោគជ័យនោះទេ។
លោកបានបញ្ជាក់ថា “ការវិនិយោគនៅក្នុងវិស័យនេះ មិនខុសពីការវិនិយោគមុខជំនួញដទៃទៀតនោះទេ សំខាន់គឺការចេះមើលពីបរិយាកាសជុំវិញ ស្ថានភាពទូទៅ”។ លោកបានបន្តទៀតថា “អ្នកបង្កើត ត្រូវតែមានជំនាញ ទាំងការគ្រប់គ្រង ទាំងការធ្វើទីផ្សារផ្សព្វផ្សាយ បង្កើតសេវាកម្មល្អៗ ទីចំណត ជាពិសេសរសជាតិអាហារ ភេសជ្ជៈ និងការរចនាបរិយាកាសជាដើម។ កក្តាដែលសំខាន់មួយទៀត គឺទីតាំងដែលសមស្រប ស្ថិតនៅតំបន់ទីប្រជុំជនដែលមានកម្រិតជីវភាពល្អប្រសើរ”។
ជាមួយនឹងនិន្នាការនៃការវិនិយោគទៅលើវិស័យ Sky Bar ដែលស្ថិតនៅជាន់លំហរអាកាសប្រភេទនេះ បច្ចុប្បន្នក៏កំពុងត្រៀមបង្ហាញខ្លួន នៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ជាន់ទី៦ផងដែរ ជាមួយនឹងទីធ្លាប្រមាណ២០០០ម៉ែត្រការ៉េ ដោយមានបែងចែកចេញជា២ រវាងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ នៅទីនេះ មានលក្ខណៈពិសេសជាងបណ្តា Sky Bar ដទៃទៀត ដោយសារតែក្រៅពីអាចគយគន់ទេសភាពទីក្រុងភ្នំពេញនៅពេលយប់ ក៏អាចមើលឃើញពីទិដ្ឋភាពរួមនៃទីប្រជុំបែបប្រពៃណីមួយចំនួន ព្រំទាំងទេសភាពបឹងតាម៉ោកផងដែរ។

លោកសាំង ចន្ធូ សាស្ត្រាចារ្យមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍ បានមានប្រសាសន៍ថា អ្នកដែលទៅ Sky Bar គឺមិនមែនទៅដើម្បីទទួលទានអាហារនោះទេ ប៉ុន្តែគេទៅអង្គុយលេង ឬស្តាប់ភ្លេងបណ្តែតអារម្មណ៍ជាមួយទិដ្ឋភាពពេលរាត្រី និងស្រូបខ្យល់អាកាសតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា “គុណភាព និងសេវាកម្មរបស់ Sky Bar គឺផ្តោតសំខាន់ទៅលើការរៀបចំទីតាំង និងរស់ជាតិភេសជ្ជៈ ជាពិសេសស្រាក្រឡុកជាដើម”។ លោកបញ្ជាក់ថា “បច្ចុប្បន្ន មុខជំនួញប្រភេទនេះ កំពុងតែមានការពេញនិយម ស្របពេលសេដ្ឋកិច្ចមានភាពរីកចម្រើន ដែលមនុស្សអាចរកចំណូលបានច្រើន”៕