Hattha top Banner

កម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សសេដ្ឋកិច្ចថ្មីមួយទៀត

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ក្នុងសំឡេងគាំទ្រចំនួន ១១៣ សំឡេង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្នែកសេវាកម្ម រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការប្រកួតប្រជែង ព្រមទាំងធ្វើពិពិធកម្មនៃការ ផ្គត់ផ្គង់សេវាកម្ម នៅក្នុងតំបន់អាស៊ាន-ឥណ្ឌា។

 

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដូចខាងក្រោម៖
១) បើកច្រកចូលទីផ្សារបានទូលាយជាងមុន ដល់អ្នកផ្តល់សេវាកម្មនៃប្រទេសសមាជិកហត្ថលេខីទាំងអស់ រួមទាំងកម្ពុជាផងដែរ។ ប្រទេសអភិវឌ្ឍន៍តិចតួចដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានទទួលនូវប្រព្រឹត្តិកម្ម ពិសេសនិងដោយឡែក ដូចជាបើកច្រកទីផ្សារផ្នែកសេវានៅក្រៅប្រទេស និងផ្តល់ភាពទន់ភ្លន់ក្នុងការធ្វើ សេរីភាវូបនីយកម្ម ជាជំហានៗ និងតាមវិស័យអាទិភាពស្របតាមកំរិតនៃការអភិវឌ្ឍជាដើម។
២) ជំរុញឲ្យមានការកើនឡើងនូវវិនិយោគទុនផ្នែកសេវា ដែលនឹងបង្កើតការងារ បង្កើនចំណូលពន្ធ ពង្រឹងគុណភាពនិងការប្រកួតប្រជែងនៃការផ្គត់ផ្គង់សេវា នៅក្នុងប្រទេស។
៣) ផ្តល់ភាពទន់ភ្លន់ដល់ភាគីទាំងអស់ ដើម្បីរក្សាការពារ និងដោះស្រាយបញ្ហានៅក្នុងវិស័យសេវា ដែលមានលក្ខណៈរសើប ព្រមទាំងផ្តល់លទ្ធភាពឲ្យភាគីពាក់ព័ន្ធចរចាគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញ ទៅមក។
៤) ពង្រីកពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ទាំងពីរ តាមរយៈការផ្គត់ផ្គង់ និងប្រើប្រាស់សេវាកម្ម ឆ្លងកាត់ព្រំដែនលើផ្នែកសេវាកម្មដែលមិនមានការផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តឲ្យមានការ បង្កើតការិយាល័យអាជីវកម្ម ឬក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រប់គ្រងបម្លាស់ទីរបស់រូបវន្តបុគ្គលជំនាញ។

 

លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអោយដឹងថា ប្រទេសកម្ពុជាគឺជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដែលត្រូវតែមានច្បាប់ធ្វើពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយជាមួយប្រទេសឥណ្ឌា ។ ជាមួយគ្នានេះប្រទេសចំនួន ៩ដែលជាសាមជិអាស៊ានបានអនុម័ត្ររួចហើយ នៅឡើយតែកម្ពុជា។ តែនៅពេលនេះរដ្ឋសភាបានអនុម័តហើយដើម្បីបើកផ្លូវធ្វើពាណិជ្ជកម្មអោយកាន់តែទំលំទំលាយព្រោះប្រទេសឥណ្ឌាមានប្រជាជនច្រើនដែលអាចអោយប្រទេសកម្ពុជាទទួលផលពីការធ្វើពាណិជ្ជកម្មផ្សេងៗបាន។

 

លោកបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឥណ្ឌា នៅមានកម្រិតនៅឡើយទេ ដោយក្នុងនោះប្រទេសកម្ពុជាបាននាំសេវាកម្មធនតូចទៅកម្ពុជាទៅកាន់ប្រទេសឥណ្ឌា។ តែយ៉ាងណាក៏ដោយលោកថា មិនមែនតែកម្ពុជានោះទេ ដែលមានទំហំពាណិជ្ជកម្មនៅមានកំរិត សូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នៅមានកម្រិតដែរ ដូច្នេះ បានជាប្រទេសនីមួយខិតខំប្រឹងប្រែងអនុម័តច្បាប់នេះ អោយបានលឿនដើម្បីបើកផ្លូវអោយធ្វើពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here