ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នៅកម្ពុជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិ ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមុំាមួយព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី ៤។

-->
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បែននៅក្នុងសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ខណៈ លោករដ្ឋមន្ត្រីរូបនេះដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅរដ្ឋសភា។
លោកបន្តថា ជាងនេះ ទៅទៀត សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់លទ្ធភាពឱ្យសហគ្រាសធនតូច និងធម្យម (SMEs) នៅកម្ពុជា អាចតភា្ជប់ខ្លួននៅនឹងខ្សែ សង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានការកែឆ្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាកម្មថ្មីៗបន្ថែមទៀតផងដែរ។
លោកបន្ថែមថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក។
កំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូវនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋ។រដ្ឋសភា បានចាត់ទុកសេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់ដ៏សំខាន់ៗ ដែលនឹង ក្លាយជាបទដ្ឋានគតិយុត្តក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សម្រាប់គំាទ្រដល់កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិស័យបច្ចេកវិទ្យា និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើង ស្រប តាមសម័យកាល។

ច្បាប់នេះ នឹងផ្តល់វិធានជាមូលដ្ឋាន ដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្រៅប្រទេស ប្រកបដោយទំនុកចិត្ត ហើយនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានចំនួន ១២ ជំពូក និង ៦៧ មាត្រានេះ ត្រូវបានរដ្ឋសភា អនុម័តនៅថ្ងៃនេះ និងត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០១៩ កន្លងមកនេះ៕