ដោយ វុត្ថា
ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុងបាននិងកំពុងកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រ និងរបាយការណ៍ស្ថានភាពតំបន់ឆ្នេរខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ និងការការពារបរិស្ថាននៅក្នុងតំបន់នេះឱ្យកាន់តែប្រសើរឡើង។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩ម្សិមិញនេះ បានសង្កត់ធ្ងន់ថាការរៀបចំយុទ្ធសាស្ត្រ ក៏ដូចជារបាយការណ៍តំបន់ឆ្នេរខេត្តកោះកុងនេះ មានសារសំខាន់ណាស់សម្រាប់បង្ហាញដល់អង្គការដៃគូ ដើម្បីស្វែងរកជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សំដៅដល់ការកាត់បន្ថយ និងការពារបរិស្ថាន និងតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង។
-->
អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ធ្លាប់បានប្រាប់ propertyarea.asia នេះ ថា នៅខេត្តកោះកុង តំបន់ដែលមានភាពទាក់ទាញលើវិស័យទេសចរណ៍គឺតំបន់ព្រៃកោងកាង និងតំបន់ឆ្នេរ ដែលខាងរដ្ឋបាលខេត្ត កំពុងតែយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍ។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថា អាស្រ័យដោយមើលឃើញពីសក្ដានុពលនៃតំបន់ទាំងនេះ បច្ចុប្បន្នរដ្ឋបាលខេត្តបានព្យាយាមអូសទាញវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យនេះចូលរួមជាមួយគ្នាក្នុងការវិនិយោគផងដែរ។ លោកជំទាវបន្ថែមថា តំបន់ដែលមានសក្ដានុពល ប្រចាំខេត្តកោះកុងរួមមាន ដូចជា ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង ចេតិយឃុនឆាងឃុនផែន តំបន់តាតៃ តំបន់ស្ទឹងអារ៉ែង តំបន់ជីផាត តំបន់ឆ្នេរនេសាទ តំបន់ឆ្នេរតារាសាគរ តំបន់កោះ រួមជាមួយនឹងតំបន់ព្រៃកោងកាង ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ដែលកំពុងមានការអភិវឌ្ឍខ្លាំងក្នុងវិស័យមួយនេះ។
លោកជំទាវមិថុនា ភូថង បានមានប្រសាសន៍ថា តំបន់ទេសចរណ៍ព្រៃកោងកាង ដែលស្ថិតនៅក្នុងស្រុកមណ្ឌលសីលា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងតែយកចិត្តទុកដាក់អភិវឌ្ឍបន្ថែម ដើម្បីឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលសូម្បីតែផ្លូវក៏មានការកែលម្អរបន្ថែម និងការដាំដើមឈើ ជាពិសេសប្រភេទរុក្ខជាតិមានផ្កាដែលទាក់ទាញ។
លោកជំទាវបានបញ្ជាក់ទៀតថា “ក្រៅពីរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាដើម ពេលនេះអជ្ញាធរបានបង្កើតកម្មវិធីដាំដើមឈើ ដែលមានផ្កាលម្អ ដូចជា តំបន់ផ្កាសាគូរ៉ា និងតំបន់ផ្កាត្របែកព្រៃ ដែលទើបតែចុះដាំកាលពីកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោកជំទាវបានបង្ហាញពីក្ដីរំពឹងថា បន្ទាប់ពីមានការអភិវឌ្ឍបន្ថែម តំបន់ទេសចរណ៍នានានៅក្នុងខេត្តកោះកុងពិតជាមានភាពទាក់ទាញខ្លាំង។ ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីវឆាយ ស៊ីវលីន បានឱ្យដឹងដែរថា ខេត្តកោះកុងមានភាពទាក់ទាញច្រើន បើទោះជាការចូលរួមពីសំណាក់ វិស័យឯកជននៅមានកម្រិតក៏ដោយ។
លោកស្រីបន្តទៀតថា “កោះកុងមានភាពទាក់ទាញខ្លាំង រាប់ចាប់តាំងពីផ្លូវដែលពោរពេញ ទៅដោយសម្រស់ធម្មជាតិយ៉ាងអស្ចារ្យខុសប្លែកពីខេត្តដទៃ៕