ដោយ Donald Lee
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ការឹតបន្តឹងទិដ្ឋាការចំពោះមន្រ្តីរដ្ឋាភិបាលចិនដោយដាក់ចូលបញ្ជីខ្មៅរួមទាំងអង្គភាពចំនួន ២៨ របស់ចិននៅសប្តាហ៍នេះ មុនពេលការចរចាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ព្រហស្បតិ៍។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានឱ្យដឹងថា ការរឹតត្បិតទិដ្ឋាកា និងការចុះបញ្ជីខ្មៅក្រុមហ៊ុនគឺដោយសារតែការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលចិន។
-->
អាមេរិកអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតចិនបញ្ឈប់យុទ្ធនាការបង្ក្រាបនៅស៊ីនជាំងជាបន្ទាន់ដោយដោះលែងអ្នកដែលត្រូវបានឃុំឃាំងតាមអំពើចិត្ត ហើយបញ្ឈប់កិច្ចប្រឹងប្រែងដើម្បីបង្ខំសមាជិកក្រុមជនជាតិភាគតិចមូស្លីមចិនដែលរស់នៅក្រៅប្រទេសឱ្យវិលត្រឡប់មកចិនវិញដើម្បីប្រឈមមុខនឹងវាសនាមិនប្រាកដប្រជា។ នេះបើតាមការលើកឡើងរបស់លោក Pompeo នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោក Pompeo បន្ថែមថា “ការការពារសិទ្ធិមនុស្សមានសារៈសំខាន់ជាមូលដ្ឋាន ហើយប្រទេសទាំងអស់ត្រូវតែគោរពកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេ” ។
រដ្ឋាភិបាលចិនបានធ្វើការបដិសេធភ្លាមៗចំពោះការអះអាងរបស់រដ្ឋាភិបាលអាមេរិកថាជាការធ្វើពុតដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកនៅលើបណ្តាញសង្គម Twitter បានឱ្យដឹងថា “ជាមួយនឹងការដោះសារអំពីសិទ្ធិមនុស្ស ភាគីអាមេរិកបានបោះជំហានមួយជំហានទៀតនៅថ្ងៃនេះ ហើយបានប្រកាសរឹតបន្តឹងទិដ្ឋការដល់មន្រ្តីចិន បន្ទាប់ពីបានដាក់ទណ្ឌកម្មលើអង្គការ និងក្រុមហ៊ុនចិនមួយចំនួន”។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “យើងជំរុញឱ្យអាមេរិកកែប្រែកំហុសរបស់ខ្លួនភ្លាមៗ និងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន”។
ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងក្រុមអ្នកចរចាពាណិជ្ជកម្មនឹងជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នៅថ្ងៃ ព្រហស្បតិ៍នេះនៅក្នុងអ្វីដែលអ្នកវិភាគព្យាករណ៍ថានឹងមានភាពចម្រូងចម្រាសខ្លាំង ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអាមេរិកនៅសប្តាហនេះ៕