ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានលទ្ធភាពក្នុងការខ្ចីលុយពីធនាគារ ដើម្បីទិញលំនៅឋាន សម្រាប់រស់នៅ និងពង្រីកអាជីវកម្មរបស់ខ្លួនដោយសារគោលនាយបាយរបស់ធនាគារផ្តល់ជូននៅទូទាំងប្រទេស។

-->
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ – ១០ តុលា ២០១៩) នៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩ នេះថា ក្នុងរយៈពេលស ៤០ ឆ្នាំចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាមានការរីកចំរើនគួរជាទីមោទនៈ។
កម្ពុជាមានប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធិភាព និងបរិយាបន្ន និងសមាហរណកម្មខ្ពស់ទៅក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបំពេញបាននូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ សម្តេចបន្ថែមថា វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ។
ជាមួយគ្នានេះមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានទទួលស្គាល់តួនាទីរបស់វិស័យធនាគារក្នុងការរួមចំណែករក្សាបាននូវ
មាក្រូសេដ្ឋកិច្ច ស្ថេរភាពហិរញ្ញវត្ថុ ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាពិសេសតាមរយៈមីក្រូហិរញ្ញវត្ថុ។
សម្តេចបន្ថែមទៀតថា ទន្ទឹមគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បានរក្សាស្ថេរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១ភាគរយប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបំរ៉ុងអន្តរជាតិ ឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បានបង្ហាញពីប្រសិទ្ធិភាព នៃការគ្រប់គ្រងបរិមាណផ្គត់ផ្គង់ប្រាក់រៀល និងគរពូនទ្រព្យសម្បត្តិជាតិ ឱ្យល្អប្រសើរដើម្បីរក្សាស្ថេរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ប្រមាណ៣ ភាគរយ។
សម្តេចបន្ថែមថា ម្យ៉ាងទៀត វិស័យធនាគារបានពង្រីកផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់ប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជនក្រីក្រសម្រាប់លើកស្ទួយជីវភាពរស់នៅអោយកាន់តែប្រសើរឡើងដែលក្នុងនោះប្រជាជនពេញវ័យ ប្រមាណ ៧១ ភាគរយ កំពុងទទួលបាននូវសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈវិស័យធនគារ បានកើនឡើងដល់ ១១៥ ភាគរយ នៃផសស សម្រាប់បំពេញសេក្តីត្រូវការក្នុងការពង្រីកអាជីវកម្ម លើគ្រប់វិស័យ។
សម្តេចបញ្ជាក់ទៀថា តាមរយៈវិស័យឥណទាណវិស័យធនាគារ ប្រជាជនកម្ពុជាមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ អាចទិញលំនៅឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងកាអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ៕