ទុន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំង​ប្រទេស​រយៈពេល៨ខែ​ មាន​ទំហំ​ទឹកប្រាក់​ជាង​ ៣៦០០លាន​ដុល្លារ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​សន្ទុះ​នៃ​កំណើន​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​នៅ​កម្ពុជា​ បាន​ធ្វើឲ្យ​តំបន់​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ ទាក់ទាញ​ទុន​វិនិយោគ​រហូតដល់៣៦០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​គំរោង​វិនិយោគ​ចំនួន៤៨២​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​កាលពី​ថ្ងៃម្សិល​ម៉ិញ​បាន​ឲ្យដឹង​ថា​ គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ទំហំ​វិនិយោគ​នៅ​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​រហូតដល់​ជា៦ពាន់​លាន​ដុល្លារ​ ស្មើនឹង​ចំនួន២២២គម្រោង​ កើនឡើង៨១គម្រោង​ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨​ ។

អគ្គ​លេខាធិ​កា​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ ជា​ វុទ្ធី​ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​ថា​ “ទំហំ​វិនិយោគ​សរុប​របស់​កម្ពុជា​ គិត​ត្រឹម​ខែសីហា​ មាន​ចំនួន​រហូតដល់​ជាង៦​ ០០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ មានការ​កើនឡើង​ប្រមាណ១៨៨០​ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​កន្លងទៅ​ ។

នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុងតែ​មាន​សកម្មភាព​ចំនួន២៣កន្លែង​ ហើយ​ទំហំ​នៃ​ការនាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​ចំនួន​ប្រមាណ១៥ភាគរយ​ នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា​។ ​;

ជាមួយនឹង​សញ្ញា​វិជ្ជមាន​នេះ​ លោក​ ជា​ វុទ្ធី​ បាន​បង្ហាញ​ពី​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ នៅ​ឆ្នាំ​បន្ទាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​នៅតែ​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ង៉ែត​ ជូ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ថា​ ផ្អែក​តាម​ទិន្នន័យ​ដូច​បាន​បង្ហាញ​ខាងលើ​នេះ​ វា​គឺជា​សុច​នា​ករណ៍​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវតែ​រៀបចំ​យ៉ាង​ពិសេស​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ទាំង​ទីតាំង​ ភាព​អនុគ្រោះ​ពី​រដ្ឋាភិបាល​ក៏ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​ពេលនេះ​ កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​យើង​ចង់​មាន​ពិពិធ​កម្ម​ប្រភព​វិនិយោគ​ មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ជាជាង​ពឹង​តែ​ប្រទេស១​ ឬ២​ ដែល​អាច​ជា​ហានិភ័យ​ណាមួយ​កើតឡើង​ នៅពេល​ប្រទេស​ដែល​ជា​ប្រភព​វិនិយោគ​ជួប​វិបត្តិ​ ដូចជា​ប្រទេស​ចិន​ជាដើម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here