កម្ពុជា​-ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ផ្ទេរ​ប្រាក់​ឆ្លងដែន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​និង​ម៉ាឡេស៊ី​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ ជាមួយ​ធនា​គា​រមេយ​ប៊ែង​ ដើម្បី​ជំរុញ​ការ​ទូទាត់​និង​ការផ្ទេរ​ប្រាក់​ឆ្លងដែន​កាន់តែ​ងាយស្រួល​ និង​រហ័ស​ទាន់ចិត្ត​។

យោង​តាម​សេចក្តី​ជូន​ណឹង​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ អនុស្សរណៈ​យោគយល់​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ស្រប​ពេល​នឹង​ការរៀបចំ​ពិធី​ខួប៤០ឆ្នាំ​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​។

តាមរយៈ​អនុស្សរណៈ​នេះ​ ធនាគារជាតិនៃកម្ពុជា​ និង​ធនា​គា​រមេយ​ប៊ែង​ម៉ាឡេស៊ី​ នឹង​សហការ​គ្នា​ ដើម្បី​ពិនិត្យ​លទ្ធភាព​ឱ្យ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​ និង​ទូ​ទា​ត់​ភ្លាម​ៗអាច​ធ្វើ​បាន​រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​ តាមរយៈ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិនៃកម្ពុជា​និង​ផ្លែ​តហ្វ​មឌីជីថល​មេ​យប៊ែង​ធូ​យូ​ របស់​ធនា​គា​រមេយ​ប៊ែង​។

តាមរយៈ​សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា​ បន្ទាប់ពី​ដាក់​ឱ្យ​ដំណើរការ​ សេវា​នេះ​នឹង​រំពឹង​ថា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ដែល​កំពុង​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រជាជន​ម៉ាឡេស៊ី​ ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ ក៏ដូចជា​ធុរកិច្ច​ក្នុង​ប្រទេស​ទាំងពីរ​ ដោយ​ប្រើប្រាស់​អ៊ី​វ៉ា​ឡេ​តរបស់​ប្រព័ន្ធ​បាគង​ និង​ផ្លែ​តហ្វ​មឌីជីថល​មេ​យប៊ែង​ធូ​យូ​ ដើម្បី​ផ្ទេរ​មូលនិធិ​ឆ្លង​ប្រទេស​ សម្រាប់​ការ​ទូទាត់​ពាណិជ្ជកម្ម​ និង​ការផ្ទេរ​ប្រាក់​។ កិច្ច​សហប្រតិបត្តិ​ការ​នេះ​ នឹង​ជួយ​លើក​កម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​កិច្ច​គាំទ្រ​ចំពោះ​ការវិវឌ្ឍន៍​ទៅ​រក​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​នៅ​ ក្នុង​ពិធី​ចុះ​អនុស្សារ​ណៈ​យោគយល់​ គ្នា​កាលពី​ទី១០​ ខែតុលា​ម្សិលមិញ​ នេះ​បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បាគង​ បាន​ផ្តល់​លទ្ធភាព​ជាច្រើន​ ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​កាន់តែ​ប្រសើរ​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​កម្រិត​តំបន់​ ជាក់ស្តែង​ការ​ចុះ​អនុស្សារ​ណៈ​នេះ​ នឹង​នាំឲ្យ​ស្ថាប័ន​ទាំងពីរ​ ឈាន​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​កម្រិត​ទៀត​ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ ពី​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ សម្រាប់​បម្រើ​ឲ្យ​ប្រជាជន​នៅ​កម្ពុជា​ និង​ម៉ាឡេស៊ី​។

លោកស្រី​បន្ត​ថា​ ក្រៅពី​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ខាងលើ​ ការ​ចុះ​អនុ​ស្សា​ណៈ​នេះ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ផង​ដែរ​ សម្រាប់​ការផ្ទេរ​ប្រាក់​ចុះឡើង​របស់​ប្រទេស​ទាំងពីរ​ ជាពិសេស​ការ​ផ្តល់​លទ្ធភាព​ដល់​កម្មករ​កម្ពុជា​ ដែល​កំពុងធ្វើការ​នៅ​ ប្រទេស​ម៉ាឡេស៊ី​អាច​ទូទាត់ប្រាក់​បាន​កាន់តែ​លឿន​ និង​រហ័ស​ជាង​មុន​ ព្រមទាំង​បាន​កាត់បន្ថយ​នូវ​ពេលវេលា​ និង​ការ​ ចំណាយ​ថ្លៃ​សេវា​ខ្ពស់​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here