ចិន​វិនិយោគ​ទឹកប្រាក់​ ២,៦ពាន់​លាន​ដុល្លារ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ​នៅ​ត្រឹម​រយៈ៣ឆ្នាំ​ចុងក្រោយ​នេះ​ ទំហំ​វិនិយោគ​នៅ​កម្ពុជា​ពីសំណាក់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ ស្ថិតនៅ​លំដាប់​កំពូល​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​តាម​បណ្តា​ខេត្ត​ ក្រុង​ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​ ដែល​គិតជា​ទឹកប្រាក់​មាន​ទំហំ​ប្រមាណ ២​,៦ពាន់​លាន​ដុល្លារ​។

នៅ​ត្រឹម​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ​ សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​ និង​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ ដែល​ស្ថិតនៅ​ក្នុងរង្វង់៧ភាគរយ​ជាប្រចាំ​ឆ្នាំ​។ ដោយឡែក​អ្វី​ដែល​ជា​ការគួរ​កត់សម្គាល់​នោះ​ នៅ​ត្រឹម​រយៈពេល ៣ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​ទទួល​បានការ​វិនិយោគ​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ មក​ពី​ប្រទេស​ចិន​ទៅលើ​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ទំហំ​ជាច្រើន​ពាន់​លាន​ដុល្លារ​ ទៅលើ​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ជាប់​សមុទ្រ​។

អគ្គ​លេខាធិ​កា​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​ជា​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ លោក​ ជា​ វុទ្ធី​ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សក្ដានុពល​ នៃ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩ថា​ បច្ចុប្បន្ន​នេះ​កាល​ចូលខ្លួន​មក​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ បាន​ចូលរួម​ចំណែក​មួយភាគធំ​នៅក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

គិត​ចាប់ពី​ឆ្នាំ២០១៦​ រហូតមកដល់​ខែសីហា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ ដូចជា​ កោះកុង​ ព្រះសីហនុ​ និង​ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ស្មើនឹង​ប្រមាណ ១១​,៥ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ក្នុង​នោះ​ខេត្តកោះកុង​ទទួល​បានការ​វិនិយោគ​ប្រមាណ​ ៤៧០លាន​ដុល្លារ​ ស្មើនឹង២ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​”។

លោក​ជា​ វុទ្ឋី​បាន​បន្ត​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​វិនិយោគ​ប្រមាណ​ ២ប៊ី​លាន​ដុល្លារ​ស្មើនឹង៨​,៩ភាគរយ​ ហើយ​ខេត្តកំពត​ ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជាង១០០លាន​ដុល្លារ​ ស្មើនឹង០​,៥ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ កំពុងធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ជាផ្នែក​មួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ដោយ​បាន​កប់​ខ្សែកាប​អុបទិក​នៅ​ក្រោម​ដី​ប្រវែង​ជាង​ ២០០០០គីឡូម៉ែត្រ​ និង​ខ្សែកាប​អុបទិក​នៅ​ក្រោម​បាតសមុទ្រ​ ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ទូរគមនាគមន៍​ពី​កម្ពុជា​ទៅកាន់​តំបន់​ និង​ពិភពលោក​”។

លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​យ៉ាង​សំខាន់​ ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here