អ្នកជំនាញ​សេដ្ឋកិច្ច​៖ រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ប្រទេស​វិនិយោគ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​និង​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​លើកឡើង​ថា​ កម្ពុជា​ គួរតែ​មានការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ប្រទេស​វិនិយោគ​ ដោយ​មិន​ត្រូវ​រំពឹង​ទៅលើ​តែ​ប្រទេស​ណាមួយ​ជាចម្បង​នោះ​ទេ​។

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

យោង​តាម​របាយការណ៍​ ដែល​បង្ហាញ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC​) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​បាន​បញ្ជាក់​ថា​ ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​កំពុងតែ​មាន​សកម្មភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ និង​ឈរ​នៅ​លំដាប់​ទី១​ ដោយ​គ្រប់គ្រង​លំហ​ញូ​រវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​ នៅ​កម្ពុជា​រហូតដល់​ប្រមាណ ៣៥​,៣១​ភាគរយ​ នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ខណៈ​ដែល​ទំហំ​ទុន​វិនិយោគ​ក្នុង​ស្រុក​របស់​កម្ពុជា​មាន​ប្រមាណ ៤៤​,៧ភាគរយ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងមក​ថា​ ការ​ទទួល​បាន​ទុន​វិនិយោគ​ ពី​បណ្តា​ប្រទេស​នានា​លើ​គ្រប់​វិស័យ​ សុទ្ធតែ​ជា​ការ​រួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទាំងអស់​។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​សាទរ​ ចំពោះ​គ្រប់​វត្តមាន​នៃ​អ្នក​វិនិយោគ​ទាំងអស់​ ហើយ​កម្ពុជា​ ក៏​មិន​មាន​និន្នាការ​រើសអើង​ចំពោះ​ប្រទេស​ណាមួយ​នោះ​ទេ​”។

ជាមួយនឹង​ទិន្នន័យ​ ដែល​បង្ហាញ​ពី​ទំហំ​ទុន​វិនិយោគ​នៅ​កម្ពុជា​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ខាងលើ​នេះ​លោក​ ង៉ែត​ ជូ​ បាន​ មានប្រសាសន៍​បន្ត​ទៀត​ថា​ “វា​គឺជា​សូចនាករ​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ សំរាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​ត្រូវតែ​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ពិសេស​ និង​ងាយស្រួល​ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ទាំង​ទីតាំង​ ភាព​អនុគ្រោះ​ពី​រដ្ឋាភិបាល​ ក៏ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​ បើ​ទោះជា​ពេលនេះ​ កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​យើង​ចង់​មាន​ពិពិធ​កម្ម​ប្រភព​វិនិយោគ​ មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ជាជាង​មានតែ​ប្រភព​វិនិយោគ​ធំ​ត្រឹមតែ១​ ឬ២ប្រទេស​ ដែល​អាច​ជា​ហានិភ័យ​ណាមួយ​កើតឡើង​ នៅពេល​ប្រទេស​ប្រភព​វិនិយោគ​ជួប​វិបត្តិ​ ជាក់ស្ដែង​ដូចជា​ប្រទេស​ចិន​ជាដើម​។

ស្រដៀងគ្នា​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ អ្នកវិភាគ​ និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ ការ​ទទួល​បាន​ទុន​វិនិយោគ​ ពី​បណ្តា​ប្រទេស​អន្តរជាតិ​ ជា​រឿង​ដែល​ល្អ​ និង​គាំទ្រ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ កម្ពុជា​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ ដើរតួ​នាទី​ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​ខ្លួនឯង​ ដោយ​ជំរុញ​ និង​លើ​កម្ពស់​ផ្នែក​ SME​ ដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រើ​ប្រាស់​ក្នុ​ស្រុក​ ជាជាង​ការទិញ​ផលិតផល​ពីក្រៅ​ស្រុក​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​ ជាពិសេស​ផ្នែក​ច្បាប់​វិនិយោគ​ ដើម្បី​ជួយ​សម្រួលការ​ពាណិជ្ជករ​ក្នុង​ និង​ក្រៅ​ស្រុក​ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​”។ លោក​បន្ត​ថា​ ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ គឺជា​ចំណុច​សំខាន់​ ហើយ​ព្យាយាម​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ ជាមួយ​អន្តរជាតិ​ ដែល​មាន​ទីផ្សារ​ធំ​ទូលាយ​ សម្រាប់​ធ្វើការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​ ដែល​ពិសេស​ កសិផល​ដែល​ជា​ផលិតផល​សំខាន់​របស់​កម្ពុជា​”។

បណ្តា​ប្រទេស​ដែល​កំពុង​ តែ​មាន​ភាព​សកម្ម​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ រួមមាន​ដូចជា​ ប្រទេស​ចិន​ប្រមាណ ៣៥​,៣១​ភាគរយ​ ជប៉ុន៧​,៨៧​ ភាគរយ​ ​វៀតណាម​ ២,៩៩ភាគរយ​ ​សិង្ហបុរី១​,៨៥​ ភាគរយ​ ​កូរ៉េ១​,៧៩​ ភាគរយ​ ​ម៉ាឡេស៊ី​ ១,៤៨​ ភាគរយ​ ថៃ១​,៣៦ភាគរយ​ និង​បណ្តា​ប្រទេស​ដទៃទៀត​សរុប​ប្រមាណ២​,៦៤ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here