ស្ថានប័នពិភពលោកធំៗចំនួន៤បញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើន៧ភាគរយសំរាប់ឆ្នាំ២០១៩នេះ

0

ដោយ : ម៉ាណេត

ភ្នំពេញ : ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចពិភពលោកធំៗចំនួន៤ បានវាយតម្លៃស្រដៀងគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់៧ភាគរយ សំរាប់ឆ្នាំ២០១៩នេះ បើទោះបីសេដ្ឋកិច្ចសាកលបានថមថយកំណើនក្តី។

ក្នុងជំនួបជាមួយលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងមក ក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ទោះបី​ជាកំណើនសេដ្ឋកិច្ចសកលមានការថមថយក្តី ក៏សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ នៅតែសម្រេចបាននូវកំណើនរឹងមាំក្នុងរង្វង់អត្រា៧ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២.៥ ភាគរយ ។

ទន្ទឹមនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា នៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាប ដែលអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះធនាគារពិភពលោក (World Bank) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៩ថា នៅតែបន្ដភាពរឹងមាំក្នុងអត្រា៧ភាគរយផងដែរ។

របាយការណ៍បានកត់សម្គាល់ថា វិស័យនាំចេញរបស់កម្ពុជានៅឆ្នាំ២០១៩នៅតែរឹងមាំ ខណៈវិស័យសំណង់នៅតែមានភាពមមាញឹកដដែល។

តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសន្ទុះកើនក្នុងអំឡុងពេល៦ខែដំបូង នៃឆ្នាំ២០១៩។ ជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេស ហូរចូលពីប្រទេសចិន។

វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹង ដោយក្នុងនោះ ការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១.២ភាគរយ ត្រឹមខែមិថុនា ឆ្នាំ២០១៩ ហើយក្នុងនោះទៀតជិត៤០ភាគរយ នៃភ្ញៀវអន្តរជាតិ គឺមកពីប្រទេសចិន។

ជាមួយគ្នានេះ World Bank ក៏បានព្យាករណ៍ផងដែរ អំពីសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ មានកំណើន៦.៨ភាគរយ។

នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំ ដ៏លេចធ្លោរប​ស់ខ្លួនស្តីពី ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់កម្ពុជាមានកំណើន ៧,០ ភាគរយនៅឆ្នាំនេះ និងមានកំណើន៦,៨ ភាគរយនៅឆ្នាំ២០២០។

លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា“សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ក្នុងល្បឿនមួយដ៏រឹងមាំ ដោ​យ​សារតែការបន្តពង្រឹង នៅក្នុងវិស័យប្រពៃណី ដូចជា សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់”។

លោកស្រីបានឱ្យដឹងថា “ដោយមានការកើនឡើង នូវភាពមិនប្រាកដប្រជានៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់ លើសេវាកម្មដូចជាទេសចរណ៍ កម្ពុជាត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មចម្រុះទៅជាផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់”។

លោកស្រីបានបន្តថា “នេះនឹងតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលបានមកពីការផ្តល់ប្រាក់កម្ចី ដល់វិស័យអចលនៈទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពបន្ថែមទៀត ដើម្បីបង្ហាញអំពីការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគដើមទុន មានគុណភាពខ្ពស់ដែលទាំងអស់នេះ ត្រូវការអភិបាលកិច្ច និងស្ថាប័នរឹងមាំ”។

ផលិតផលក្នុងស្រុកសរុបកម្ពុជាពិតប្រាកដ បានកើនឡើងជាលំដាប់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ ពិភពលោកក្នុងឆ្នាំ ២០០៨ និងបន្តធ្វើកំណែទម្រង់ហួសកំរិតអធិបតេយ្យភាព ដែលត្រូវបានគេវាយតម្លៃប្រហាក់ប្រ​ហែលគ្នា។ នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័ន Moodys ដែលមានមូលដ្ឋាននៅអាមេរិកកាលពីពេលថ្មីៗនេះ។

កំណើននេះត្រូវបានជំរុញដោយការនាំចេញ ជាពិសេស សម្លៀកបំពាក់ ទេសចរ​ណ៍ និងសំណង់ ដែលមានការចូលរួម១០,៦ភាគរយ កំណើន១៧,៩ភាគរយ និងកំណើន១២,៤ ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០១៨។

កំណើនយ៉ាងឆាប់រហ័សមានតុល្យភាព នឹងបញ្ហាប្រឈមទាក់ទង នឹងការប្រកួតប្រជែងសេដ្ឋកិច្ច មូលដ្ឋាននាំចេញតូចចង្អៀត និងប្រាក់ចំណូលទាប ទោះបីជាមានការកើនឡើងប្រាក់ចំណូល ដែលចង្អុលបង្ហាញពីសមត្ថភាពស្រូបយកទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here