ឯកអគ្គរដ្ឋទូតជប៉ុនសន្យាជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរឡើង

0

ដោយ វុត្ថា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជាបានថ្លែងថា អ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជារបស់ឯកអគ្គរាជទូតជប៉ុនថ្មីបានសន្យាថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែកើនឡើង។

លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ លោកបានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំថែមទៀតផងដែរ។

លោកទូតបានបន្តថា “ជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឱ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅភ្នំពេញ”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានឱ្យដឹងដែរថា ជោគ​ជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។ សម្តេចរំពឹងថា លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ  នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសទំាងពីរ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ជាង ១,៥៨៨ លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,០៧៩ លានដុល្លារអាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ផ្ដោតសំខាន់លើការផលិតគ្រឿងបង្គំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here