ដោយ វុត្ថា
ភ្នំពេញៈ វិស័យសំណង់បានបង្កើតការងារជាច្រើន ជូនដល់ប្រជាពលរដ្ឋក្នុងរយៈពេល៩ ខែឆ្នាំ២០១៩ នេះ ដោយគិតជាមធ្យមចន្លោះពី១៤ ទៅ១៥ម៉ឺននាក់ក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ នេះថា ចំនួនកម្មករគិតជាមធ្យមប្រមាណពី២០០ ០០០ នាក់ទៅ ២២០,០០០នាក់ក្នុងមួយថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយឡែកនៅរាជធានីភ្នំពេញមានកម្មករប្រមាណ ៩០ ០០០នាក់ ទៅ ១០០,០០០នាក់ក្នុងមួយថ្ងៃ គឺមានការថយចុះចំនួន ៣១,៨១ %។
តាមរយៈនៃការសិក្សាស្រាវជ្រាវ ក្នុងរយៈពេល៩ ខែឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញ ក្នុងមួយថ្ងៃអាចទទួលបានពី៣០ ០០០រៀលដល់ ៤ ០ ០០០រៀល កម្មករមានជំនាញ និងមេជាងក្នុងមួយថ្ងៃអាចទទួលបានពី៤០ ០០០រៀល ដល់ ៦០ ០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ក្នុងមួយខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ ដុល្លារ ទៅ២៥០០ដុល្លារអាមេរិក។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ប្រភពទិន្ន័យខាងលើនេះ ទទួលបានពីការចុះផ្ទាល់នៅការដ្ឋានសំណង់នានា។
សំណង់នៅទូទាំងប្រទេសមានចំនួនសរុប៣៤៣៣គម្រោង មានផ្ទៃក្រសឡាសំណង់សរុបចំនួន១៣,០០០,៦៥៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៦ ៤៩៤,៣៧២,៣៧១ដុល្លារ កើនឡើងចំនួន ៣៤,៧៣%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕