ភ្នំពេញៈ បញ្ហាសំរាម និងការធ្វើឲ្យទីក្រុងស្អាត បានក្លាយជាចំណាប់អារម្មណ៍ថ្មីមួយក្នុងសង្គមកម្ពុជា ហើយបញ្ហានេះត្រូវបានលើកជាបន្តបន្ទាប់ ក្នុងបណ្តាញទំនាក់ទំនងសង្គម។

ជាមន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចំណាយពេលវេលាប្រមាណជាង៣ម៉ោង ក្នុងចម្ងាយផ្លូវប្រមាណជិត២០គីឡូម៉ែត្រ បន្ទាប់ពីចប់ការចូលរួមកិច្ចប្រជុំ មុនពេលឡើងយន្តហោះត្រឡប់មកមាតុប្រទេសវិញ។
-->

លោកបានសរសេរថា “ខ្ញុំបានផ្តិតយករូបភាពមួយចំនួន ដើម្បីជាបច័្ចយគំនិតជូនប្រជាពលរដ្ឋខ្មែរយើងប្រសិនបើស្រលាញ់បរិស្ថាន ល្អស្អាត ផាសុកភាព ស៊ីវីល័យ អនាម័យ មនោរម្យ និងមានការបង្កលក្ខណៈងាយស្រួលដូចក្នុងរូបថតនៃទីក្រុងប៉េងកាំង សាធារណៈរដ្ឋប្រជាមានិតចិន”។

លោកថា “ពិតណាស់ថាការរៀបចំទីក្រុង ខេត្ត ឬជនបទសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជារបស់យើង គឺមិនមានភាពងាយស្រួល ដូចការនិយាយនិងការចង់បាននោះទេ ព្រោះនិយាយងាយស្រួលជាងធ្វើ! សន្តិភាពគឺជាកត្តាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើនផ្នែកសេដ្ឋកិច្ច ព្រមទាំងការធ្វើវិនិយោគទុនផងដែរ”។

លោកបានធ្វើដំណើរដោយថ្មើរជើងបណ្តើរ គិតស្រមោលស្រមៃបណ្តើរ អស់រយៈពេលជាង៣ម៉ោង ព្រោះចង់ឃើញប្រទេសកម្ពុជារបស់យើងមានភាពស្រស់បំព្រងបែបនេះ។
លោកបានថ្លែងថា “និយាយបែបនេះ មិនមែនបង្អាប់ប្រទេសជាតិដើមកំណើតខ្លួនឯង ហើយប្រៀបធៀបការរីកចម្រើនរបស់ប្រទេសដទៃនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងនិងជូនឧទាហរណ៍ក្រែងបងៗឬថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន ពិសេសប្រជាពលរដ្ឋខ្មែរយើងទូទាំងនគរ អាចចូលរួមស្ថាបនានិងអភិវឌ្ឍប្រទេសជាតិយើង ឱ្យជឿនលឿនដូចគេនេះ”។

លោកថា “ការគោរពច្បាប់ និងទំលាប់គិតពីអនាម័យ គឺជាកត្តាចំបងដែលប្រជាពលរដ្ឋខ្មែរយើងគួរនាំគ្នាពិចារណា! សម្រាប់ខ្ញុំ ខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាចង់ឱ្យប្រទេសកម្ពុជារបស់យើងមានសោភ័ណភាពដូចក្នុងរូបទាំងនេះអញ្ចឹង តើមែនឬទេ?”។

ជាការកត់សម្គាល់របស់លោកនៃការធ្វើដំណើរដោយថ្មើជើង លោកសង្កេតឃើញការរៀបចំទីក្រុងរបស់គេមានដូចខាងក្រោមនេះ
-ការៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍បានល្អ
-មានចំណតសម្រាប់គ្រប់យាន្តជំនិះ
-ការខាន់ចែកផ្លូវសម្រាប់យានយន្ត ទោចក្រយាន្តយន្ត ផ្លូវសម្រាប់អ្នកថ្មើរជើង
-ទុកចំណីថ្លូវឬចិញ្ចើមផ្លូវបានធំៗល្អ
-ហាងដែលធ្វើអាជីវកម្មលើដងវិថី មានទុកគំលាតឬចិញ្ចើមផ្លូវធំៗ មានជម្រាល មានកន្លែងចតយានជំនិះ
-ការគោរពច្បាប់ចរាចរណ៍បានល្អ
-មានផ្លូវពិសេសសម្រាប់រថយន្តក្រុងឬសាធារណៈ
-មានជម្រាលសម្រាប់មនុស្សចាស់ ជនមានពិការភាព ស្ត្រីពោះធំ កុមារដើរឡើងឆ្លងផ្លូវកាត់ថ្ន់ល់ធំៗ
-សោភ័ណភាពលូបង្ហូរទឹកស្អុយ
-ការដាក់តាំងលម្អនិងរចនាសួនច្បារ សួនផ្កាតាមដងវិថីសាធារណៈ។

-លំនៅដ្ឋានប្រជាពលរដ្ឋភាគច្រើនគឺសម្រាប់តែរស់នៅ មិនសម្រាប់ធ្វើអាជីវកម្ម
-មានចែកតំបន់អាជីវកម្ម លំនៅដ្ឋាន អគាខ្ពស់ៗ ផ្សារទំនើប កន្លែងធ្វើការ។ល។ -ការរៀបចំបានល្អនូវប្រព័ន្ធខ្សែអគ្គីសនី ទូរស័ព្ទ អ៊ីនធ័រណែត ខ្សែកាបទូរទស្សន៍។ល។ល។

ជារួម ការប្រែក្លាយក្តីស្រមៃខាងលើនេះ លោក គិតថា មិនតែជាការចង់បានរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ សំនួរសួរ ម្តងទៀត តើមែនឬមិនមែន?។
មានកត្តាជាច្រើនណាស់ ទំរាំងយើងអាចសម្រេចបាននូវការស្រមោលស្រមៃបែបនេះ នោះរួមមាន៖-កត្តាសន្តិភាព -កត្តាសេដ្ឋកិច្ច -កត្តាស្នេហាជាតិ -កត្តាឆន្ទៈអភិវឌ្ឍ -កត្តាសាមគ្គីភាព -កត្តាស្រលាញ់បរិស្ថាននិងអនាម័យ -កត្តាវិនិយោគទន់ -កត្តាលះបង់ -និងមានកត្តាជាច្រើនទៀត។ល។ល។ល។
សរុបជារួម សង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបគឺអាចធ្វើបាន!៕