ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លុយត្រូវបានគេប្រដូចទៅស្ដេចនៃការទំនាក់ទំនង ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាលំបាកនានាផងដែរ។
ដូច្នេះហើយ ទើបមនុស្សគ្រប់គ្នាតែងប្រាថ្នា និងមានតម្រូវការលុយខ្ពស់បំផុត ជាមួយនឹងការរិះរកមធ្យោបាយជាច្រើន ដើម្បីអាចទទួលបានលុយកាន់តែច្រើន យកមកប្រើប្រាស់នៅក្នុងដៃ។
-->
របៀប និងវិធីសាស្ត្រក្នុងការកលុយ ត្រូវបានមនុស្សធ្វើឡើងក្នុងលក្ខខណ្ឌផ្សេងៗពីគ្នា និងគ្រប់រូបភាពទាំងអស់ រហូតមានអ្នកខ្លះស្វែងរកលុយក្រៅក្រមសីលធម៌ ក្រោមសកម្មភាពប្រាសចាកពីគន្លងនៃផ្លូវច្បាប់ក៏មាន។ តើគួរធ្វើយ៉ាងណា ទើបអាចរកលុយបានច្រើន ហើយទទួលបាននូវការសាទរពីមនុស្ស និងសង្គមជុំវិញខ្លួនបាន?។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកង៉ែត ជូ បានរៀបរាប់តាមរយៈសំណេរនៅលើប ណ្តាញទំនាក់ទំនងសង្គមគណនីផ្ទាល់ខ្លួនយ៉ាងខ្លីថា គ្រប់រូបភាពរកលុយទាំងអស់សុទ្ធតែត្រូវបានគេនិយម ធ្វើឡើងទៅតាមសម័យកាល និងវិធីសាស្ត្រផ្សេងៗគ្នា។
លោកបានបញ្ជាក់ថា “បន្ទាប់ពីសម័យខ្មែរក្រហមដួលរលំ កម្ពុជាបានឆ្លងកាត់សម័យកាល៤ដូចជា ទី១ សម័យកាលទី១៖ សម័យរដ្ឋកម្ពុជា ត្រូវខំរៀនក្រែងបានធ្វើធំ និងមានការងារកន្លែងខ្លាញ់។ ទីសម័យកាលទី២ សម័យអ៊ុនតាក់ ត្រូវខំរៀនភាសាអង់គ្លេស ក្រែងបានធ្វើជាអ្នកបកប្រែទើបអាចទទួលបានប្រាក់ខែច្រើន។
សម័យកាលទី៣ ក្រោយសម័យអ៊ុនតាក់ ត្រូវខំរៀនក្រែងបានការងារល្អនៅតាមអង្គការ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សម័យកាលទី៤ ចាប់ពីពេលនេះតទៅ ត្រូវខំរៀន និងពង្រឹងសមត្ថភាព ដើម្បីក្លាយខ្លួនជាអ្នកជំនួញ ឬអ្នកវិនិយោគទើបមានឱកាសទទួលបាន ភាពជោគជ័យផ្នែកហិរញ្វត្ថុ។
សម័យកាលទី១ ទី២ និងទី៣ ជាសម័យកាលធ្វើការដើម្បីលុយ រីឯសម័យកាលទី៤ គឺជាសម័យកាលដែលត្រូវតែចេះប្រើលុយ ដើម្បីបង្កើតលុយ។ ដូច្នេះមនុស្សត្រូវតែមានសមត្ថភាពខ្លាំងជាងមុន មានចំណេះដឹងអំពីលុយខ្ពស់ជាងមុន និងមានវិន័យក្នុងការចាយលុយផងដែរ៕