ដោយ វុត្ថា
ភ្នំពេញៈ ប្រធានាធិបតីនៃប្រទេសហុងគ្រី បានប្រកាសបន្តគាំទ្រ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ខណៈសភាពអឺរ៉ុបបាននឹងកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
លោក Janos ADER ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី នៅក្នុងជំនួបពិភាក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៥ ខែតុលា ម្សិលមិញនេះបានឱ្យដឹងថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជាហើយ រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ជាពិសេសទាក់ទងទៅនឹងបញ្ហា EBA នេះហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។
-->
សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងរឿង EBA នេះ ដោយសម្តេចបានថ្លែងថា អ្វីដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុប ប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ សម្ដេចតេជោក៏បានគូបញ្ជាក់ពីចំណុចសំខាន់ នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្រ រវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនឹង កិច្ចសហប្រតិបត្តិការជាមួយនឹងហុងគ្រីផងដែរ ជាពិសេសនៅក្នុងដំណើរអញ្ជើញ បំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីហុងគ្រី ទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខ។

សម្ដេចបានបញ្ជាក់ថា នៅពេលទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីហុងគ្រីនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា គឺប្រាសាទអង្គរវត្ត៕