ដោយ Donald Lee
ភ្នំពេញៈ សេដ្ឋកិច្ចសកលកំពុងឈានទៅរកវិបត្តិមួយ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងធ្វើឱ្យអត្រាកំណើនផលិតផលក្នុងស្រុកសរុប របស់ពិភពលោកធ្លាក់ចុះដល់កម្រិត ដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំក្នុងឆ្នាំ ២០០៩ ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ IMF។
របាយការណ៍របស់ IMF បានឱ្យដឹងថា “សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះជាមួយកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩ បានធ្លាក់ចុះម្តងទៀតមកដល់៣ភាគរយ ដែលជាល្បឿនទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក”។
-->
ការធ្លាក់ចុះនៃវិស័យផលិតកម្ម នៅជុំវិញពិភពលោកកំពុង រួមចំណែកដល់ការធ្លាក់ចុះជាសកល ខណៈការកើនឡើងពន្ធគយ បានបង្កើតឱ្យមានបរិយាកាសពាណិជ្ជកម្មមិនប្រាកដប្រជាដែលធើ្វឱ្យមានការថមថយកំណើនវិនិយោគ។
របាយការណ៍បានឱ្យថា “ពន្ធគយកាន់តែខ្ពស់ និងភាពមិនប្រាកដប្រជាយូរអង្វែងជុំវិញគោលនយោបាយពាណិជ្ជកម្ម បានធ្វើឱ្យការវិនិយោគ និងតម្រូវការទំនិញមូលធនធ្លាក់ចុះ”។
សង្រ្គាមពន្ធគយពិភពលោក នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចំណូលជិត ៧០០ពាន់លានដុល្លារនៅឆ្នាំ២០២០។
កំណើនសេដ្ឋកិច្ចធ្លាក់ចុះនេះ គឺជាផលវិបាកនៃការកើនឡើង នូវរបាំងពាណិជ្ជកម្ម ការកើនឡើង នូវភាពមិនប្រាកដប្រជាជុំវិញពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ កត្តាដែលបង្កភាពតានតឹងដល់ម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនជាច្រើន និងកត្តារចនាសម្ព័ន្ធ ដូចជាកំណើនផលិតភាពទាប និងប្រជាសាស្ត្រវ័យចំណាស់នៅក្នុងសេដ្ឋកិច្ចជឿនលឿន។ នេះបើយោងតាមអ្នកផ្តល់យោបល់សេដ្ឋកិច្ចលោក Gita Gopinath៕