ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតត្រឹមខែសីហា ឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលសរុបបានចំនួនជាង ១៥ ពាន់ប៊ីលានរៀល ស្មើនឹង ៧៩,៣% ចំណែកការអនុវត្ត ចំណាយត្រូវប្រមាណ១២ ពាន់ប៊ីលានរៀល ស្មើនឹង ៥០,៤% នៃច្បាប់ថវិកាឆ្នាំ២០១៩។
អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញបាយការណ៍ដែលបញ្ជាក់ពីការប្រមូលចំណូល និងចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ ដែលក្នុងនោះ សម្រាប់តែខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុប បានចំនួនជាង ២ពាន់ប៊ីលានរៀល ស្មើនឹង ១០,៨ភាគរយនៃច្បាប់ថវិកាប្រចាំឆ្នាំ២០១៩ ។
-->
ពាក់ព័ន្ធចំណូលថវិកានេះ តាមក្របខ័ណ្ឌថវិកា ឆ្នាំ២០១៩ ត្រូវបានកំណត់ថា ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានកំណត់ដោយច្បាប់ប្រមាណ ១៩,២៨ភាគរយនៃ ផ.ស.ស (ផលិតផលសរុបក្នុងស្រុក)។ ចំណូលចរន្តមានប្រមាណ ១៩,១០ភាគរយ នៃផ.ស.ស ចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិត្រូវប្រមាណ ២៤,៧២ភាគរយ នៃផសស ចំណាយចរន្ត ១៦,៣០ភាគរយ នៃផសសនិងអតិរេកចរន្តត្រូវប្រមាណក្នុងចំនួន ២,៨១ភាគរយ នៃផសសផងដែរ ។
តាមការព្យាករណ៍របស់ធនាគារពិភពលោក ADB បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តរក្សាបានកំណើន ដោយសម្រេចបានក្នុងរង្វង់ ៧,១ភាគរយ ប្រហាក់ប្រហែលឆ្នាំ២០១៨ ក្នុងនោះ ផសស ថ្លៃបច្ចុប្បន្នកើនឡើងជាង ១០៩ លានរៀល សមមូលប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិក ខណៈដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៧០៦ ដុល្លារអាមេរិក ៕