ដោយ Donald Lee
ភ្នំពេញៈ តម្លៃប្រេងនៅជុំវិញពិភពលោកបានកើនឡើង ខណៈអង្គការនៃបណ្តាប្រទេសនាំប្រេងចេញ (OPEC) ប្រទេសរុស្ស៊ី និងប្រទេសផលិតប្រេងសំខាន់ៗដទៃទៀតបន្ទាបទិន្នផលផ្គត់ផ្គង់ដើម្បីធ្វើឱ្យទីផ្សារមានស្ថេរភាព។
តម្លៃប្រេងឆៅពិភពលោក ប្រភេទBrent បានកើនឡើងដល់ ៥៨,៩៩ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង ០,២៣ ដុល្លារស្មើនឹង ៥៣,០៤ ដុល្លារក្នុងមួយបារ៉ែល។
អង្គការ OPEC រុស្ស៊ី និងប្រទេសផលិតប្រេងធំៗ បានបន្ថយការផលិតដល់១,២ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីការពារការធ្លាក់ចុះនៃតម្លៃប្រេង និងធ្វើឱ្យទីផ្សារមានស្ថេរភាពដែលរងឥទ្ធិពលយ៉ាងខ្លាំង ពីសេដ្ឋកិច្ចពិភពលោកដែលមិនប្រាកដប្រជា។
អគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo មានប្រសាសន៍ថា “ខ្ញុំបានលឺសំលេងស្រែក ពីសំណាក់អ្នកដើរតួសំខាន់ទាំងអស់ថា ពួកគេបានប្តេជ្ញាចិត្តថានឹងមិនអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅរកការធ្លាក់ចុះនោះទេ”។
តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយ OPEC ត្រូវបានបង្ខំឱ្យបន្ថយការផ្គត់ផ្គង់ប្រេង ដើម្បីធ្វើឱ្យទីផ្សារមានស្ថេរភាព។
សេដ្ឋកិច្ចពិភពលោក ដែលកំពុងមានភាពច្របូកច្របល់ និងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដែលកំពុងបន្តកើតមាន បានធ្វើឱ្យតម្លៃប្រេងឆៅប្រភេទ Brent ធ្លាក់ចុះកាលពីខែ មេសា៕






