ដោយ វុត្ថា
ភ្នំពេញៈ ប្រជាជនកម្ពុជាជាច្រើនរូបប្រកដជា បានលឺជារឿយៗនូវពាក្យប្រព័ន្ធអនុគ្រោះពន្ធ EBA តាមរយៈសហភាពអឺរ៉ុប ប្រមានដកកម្មវិធីនេះ ចេញពីប្រទេសកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងស្វះស្វែងរកវិធីសាស្ត្រ បញ្ចុះបញ្ចូលទៅប្រទេសសមាជិកអឺរ៉ុបឱ្យរក្សាទុកវិញដល់ម្ពុជា។
តើប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
យោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។
EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០១ មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។
គម្រោងនេះ គ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។
ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើន ទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។
ការនាំចេញអាចប្រព្រឹត្តទៅបាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ៕