ដោយ ៖ រ៉ាណេត
ប៊ុលហ្គារី ៖ បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសប៊ុលហ្គារី មានទំហំតូចនៅឡើយ ពោលគឺគិតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះមានទំហំត្រឹមជាង៣០លានដុល្លារតែប៉ុណ្ណោះ ។
ក្នុងគោលបំណងជំរុញ និងបង្កើនកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាដៃគូ ជាពិសេសពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យមានទំហំធំ នៅរសៀលថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់តំណាងប្រទេសទាំង២បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ ដោយផ្តោតសំខាន់ទៅលើការបង្កើនចំណងមិត្តភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។
នៅក្នុងកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា រួមជាមួយនឹងលោក Emil Karanikolov រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃសាធារណរដ្ឋប៊ុលហ្គារី ក៏បានពិភាក្សាលើវិស័យមួយចំនួនទៀត ដែលគ្របដណ្តប់លើផ្នែកសំខាន់ៗ រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ ឧស្សហកម្ម កសិកម្ម សំណង់ ដឹកជញ្ជូន និងភ័ស្តុភារ (Logistics) បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ក្រៅពីនេះ វិស័យផ្សេងទៀតក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ប៊ុលហ្គារី បានឯកភាពគ្នាលើវិធានសម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមផងដែរ ជាពិសេសការលើកទឹកចិត្តក្នុងការបង្កើតធុរកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងធុរកិច្ចដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនង និងដំណើរទស្សនកិច្ចទៅវិញទៅមករបស់ឯកជន និងសហគ្រិន រួមទាំងការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការចូលរួមក្នុងការតាំងបង្ហាញសាធារណៈ និងពិព័រណ៍អន្តរជាតិ ផ្តល់ការជួយគាំទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកតំណាងធុរកិច្ច កម្មវិធីសិក្ខាសាលាសន្និសីទវិទ្យាសាស្ត្រ និងកិច្ចប្រជុំនានា។
បច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង ៣០លានដុល្លារ អាមេរិកប៉ុណ្ណោះ។
ក្នុងនោះកម្ពុជា នាំចេញទៅប៊ុលហ្គារីមានទឹកប្រាក់ ២៥លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៥.៥លានដុល្លារអាមេរិក៕






