ដោយ ប៊ី
ភ្នំពេញៈ ការវិនិយោគបរទេសនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈវៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំៗលំដាប់ទី៣នៅក្នុងប្រទេស។
យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន២២២គម្រោងក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន៦ពាន់លានដុល្លារអាមេរិកដែលកើនឡើងចំនួន៨១គម្រោង និង៤,១២ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
ចិនគឺជាវិនិយោគិនបរទេសធំជាងគេនៅកម្ពុជា ជាមួយនឹងការវិនិយោគសរុប៧,៨ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង៣៥ភាគរយនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបនៅកម្ពុជា។ បន្ទាប់មកគឺជប៉ុន (៧.៨ ភាគរយ នៃការវិនិយោគ(FDI សរុប) វៀតណាម (២,៩ ភាគរយ) សិង្ហបុរី (១,៨ ភាគរយ) សាធារណរដ្ឋកូរ៉េ (១,៧ ភាគរយ) ម៉ាឡេស៊ី (១,៣៦ ភាគរយ) និងថៃ (០,៩ ភាគរយ)។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាមានប្រសាសន៍ថា លំហូរចូលនៃការវិនិយោគមាននិន្នា ការកើនឡើងយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ដែលបានកើនឡើង ៩៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ បន្ថែមលើការជំរុញការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
កម្ពុជាបានអនុម័តគម្រោងវិនិយោគផ្ទាល់ ពីបរទេសចំនួន៨៣១ ចាប់តាំងពីឆ្នាំ ២០១៦ ដោយមានទុនវិនិយោគសរុប
២២,៥ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគលើវិស័យទេសចរណ៍មានចំនួន៤៧ភាគរយ នៃដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុប ខណៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានចំនួន២៤ភាគរយ ឧស្សាហកម្មមាន២៣ ភាគរយ និងកសិកម្មមាន៦ភាគរយ នៃដើមទុនវិនិយោគផ្ទាល់ពីបរទេស។
លោកជា វុទ្ធី បានឱ្យដឹងថា ការវិនិយោគបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កម្ពុជាក្នុងការរក្សាអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួន៧ភាគរយ និងបង្កើតការងារប្រមាណ១៥ ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕