ដោយៈ រ៉ាណេត
ខេត្តគួយចូវ, ចិនៈ មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ត្រូវបានអញ្ជើញធ្វើជាគណៈអធិបតីនៅក្នុងវេទិកាថួឡឹ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវនិងការចែករំលែកអត្ថប្រយោជន៍ នៃពិភពសេដ្ឋកិច្ចបើកចំហ” ក្រោមការអញ្ជើញដោយសភាខេត្តគួយចូវ។
លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីជាមួយលោកហឺ ឡី អនុប្រធានសភាខេត្តគួយចូវ ក្នុងវេទិកាថួឡឹឆ្នាំ២០១៩ ក្រោមមូលបទ ”ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ និងការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងផាន់ចូវ ខេត្តគួយចូវ ប្រទេសចិន។
-->
នៅក្នុងវេទិកានេះ ក៏មានពិធីសម្ពោធពន្លាជាតិកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ជូនដល់អ្នកវិនិយោគប្រជាជនចិន និងភ្ញៀវអន្តរជាតិ ដែលជាតំណាងបណ្តាប្រទេសដទៃទៀតផងដែរ។
លោក ឈួន ដារ៉ា បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដ៏មានមានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសចិន ហើយថែមទាំងជាការការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជនចិន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលនឹងបង្កើតបានជាកម្លាំងចលករថ្មី ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចពិភពលោកថែមទៀត។
លោកបន្តថា “នៅក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រនេះ បានជួយពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងចិនឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
តាមរយៈការចូលរួមវេទិកាថួឡឹឆ្នាំ២០១៩នេះ លោកឈួន ដារ៉ា បានលើកឡើងអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគិន មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។ បន្ថែមលើសពីនេះទៀត លោកសង្ឃឹមថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងចិន កាន់តែមានវឌ្ឍភាពថែមទៀត។

ក្នុងនាមជាប្រទេសកិត្តិយស កម្ពុជាបានរៀបចំកម្មវិធី “រាត្រីកម្ពុជា” ក្រោមអធិបតីភាព លោកឈួន ដារ៉ា និងថ្នាក់ដឹកនាំចិន រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងវេទិកានេះ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្មែរ តាមរយៈការសម្តែងសិល្បៈកម្ពុជា របស់ក្រុមសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាជាមួយក្រុមសិល្បៈរបស់ប្រទេសចិន៕