ជប៉ុន​ឈរ​នៅ​លំដាប់​ទី២ក្នុង​ការ​វិនិយោគ​ពី​បរទេស​បន្ទាប់​ចិន​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ជប៉ុន​ស្ថិត​ក្នុងចំណោម​វិ​និ​យោ​គិន​ធំៗ​លំដាប់​ទី២​ នៅក្នុង​ប្រទេស​ ខណៈ​ចិន​ឈរ​នៅ​លំដាប់​ទី១នៅ​កម្ពុជា​ ស្រប​ពេល​អ្នកជំនាញ​អះអាង​ថា​ ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចំនួន២២២គម្រោង​ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​កើនឡើង​ចំនួន៨១គម្រោង​ ស្មើនឹង៤​,១២ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជប៉ុន​គឺជា​វិនិយោគិន​បរទេស​ធំជាង​គេ​ទី២​ ដែល​មាន៧.៨​ ភាគរយ​ នៃ​ការ​វិនិយោគ​ FDI​សរុប​នៅ​កម្ពុជា​ ខណៈ​វៀតណាម​មាន២​,៩ភាគរយ​ សឹង្ហ​បូរី​មាន១​,៨ ភាគរយ​ សាធារណរដ្ឋ​កូរ៉េ​មាន១​,៧ ភាគរយ​ ម៉ាឡេស៊ី​មាន​ ១,៣៦​ ភាគរយ​ និង​ថៃ​មាន០​,៩ ភាគរយ​។

សម្រាប់​វិនិយោគិន​ធំ​គេ​ទី១គឺ​ចិន​ ជាមួយនឹង​ការ​វិនិយោគ​សរុប៧​,៨ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដែល​ស្មើនឹង៣៥ភាគរយ​នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) សរុប​នៅ​កម្ពុជា​។

លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​មានប្រសាសន៍​ថា​ លំហូរ​ចូល​នៃ​ការ​វិនិយោគ​មាន​និ​ន្នា​ ការ​កើនឡើង​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​ ផលិតកម្ម​ និង​ទេសចរណ៍​ដែល​បាន​កើនឡើង​ ៩៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ បន្ថែម​លើ​ការជំរុញ​ការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ចំនួន៨៣១​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដោយមាន​ទុន​វិនិយោគ​សរុប
២២​,៥ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន៤៧ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ខណៈ​ការ​វិនិយោគ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ចំនួន២៤ភាគរយ​ ឧស្សាហកម្ម​មាន២៣​ ភាគរយ​ និង​កសិកម្ម​មាន៦ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

លោក​ជា​ វុទ្ធី​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​កម្ពុជា​ ក្នុង​ការ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន៧ភាគរយ​ និង​បង្កើត​ការងារ​ប្រមាណ១៥​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here