ដោយ វុត្ថា
ខេត្តកំពតៈ ក្រុមហ៊ុនវិនិយោគមកពីប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ីបានបង្ហាញពីមានគោលបំណងរបស់ខ្លួន ក្នុងការវិនិយោគផលិតអគ្គិសនី តាមរយះការកែច្នៃពីសំរាម និងពីពន្លឺព្រះអាទិត្យ ការចម្រុះទឹកកខ្វក់ ការបង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងនៅក្នុងខេត្តកំពត។

-->
តំណាងក្រុមហ៊ុនទាំងក្រុមហ៊ុននីមួយៗ នៅក្នុងជំនួបជាមួយលោកជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ដោយបានបង្ហាញពីគោលបំណងនៃគម្រោងវិនិយោគ នៅខេត្តកំពត ក៏ដូចជា បទពិសោធន៍អនុវត្តគម្រោងជោគជ័យនៅប្រទេសផ្សេងៗ។
លោកជាវ តាយអភិបាលខេត្តកំពតបានសម្តែងការគាំទ្រ និងរីករាយដែលក្រុមហ៊ុន មានបំណងចង់វិនិយោគ នៅខេត្តកំពត ព្រោះខេត្តកំពតគឺជាខេត្តមួយកំពុងអភិវឌ្ឍន៍ ដែលត្រូវការចាំបាច់ ការចូលរួមវិនិយោគរបស់ក្រុមហ៊ុននានាបន្ថែមទៀត។ ជាពិសេសការវិនិយោគបំលែងសំរាមជាអគ្គិសនី គឺជាការចូលរួមសំអាតអនាម័យ បរិស្ថានក្នុងខេត្ត។
អភិបាលខេត្តរូបនេះ ក៏បានស្នើក្រុមហ៊ុនត្រលប់ ទៅធ្វើគម្រោងលម្អិតឲ្យច្បាស់លាស់ម្តងទៀត ដើម្បីពិភាក្សាគ្នានៅពេលក្រោយ ហើយរដ្ឋបាលខេត្តនឹងព្យាយាមជួយឲ្យអស់ពីលទ្ធភាព ដើម្បីសម្រួលដំណើរការវិនិយោគឲ្យបានជោគជ័យ។
ក្រុមហ៊ុនវិនិយោគ មកពីប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ីទាំងនេះ កាលពីកន្លងមក ក៏មានបំណងវិនិយោគលើការកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនី នៅខេត្ដព្រះសីហនុផងដែរ ព្រោះមើលឃើញមានសន្ទុះកើនឡើង សំរាមក៏វាមានការកើនឡើងផងដែរ។

ទន្ទឹមនឹងការកែច្នៃសំរាម ក្រុមហ៊ុនទាំងនេះ ក៏មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប ដោយក្រុមហ៊ុន (ប្រទេសសិង្ហបុរី)។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងដាក់ឱ្យដំណើរការនៅប្រទេសថៃ ទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនី ចេញពីសំរាមនៅក្នុងប្រទេសឡាវ៕