ដោយៈ រ៉ាណេត
រតនគីរីៈ គម្រោងសិក្សាស្វែករុករករ៉ែលោហៈថ្មីមួយទៀត នៅលើផ្ទៃដីទំហំ២៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តរតនៈគីរី ពីសំណាក់ក្រុមហ៊ុនអង្គរ ហ្គោល ខប (ខេមបូឌា) ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុញ្ញាឱ្យធ្វើសកម្មភាពអាជីវកម្មស្របច្បាប់ហើយ។

-->
បន្ទាប់ពីបានឆ្លងកាត់នូវកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយលោកស្រីព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយនឹងមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ បានសម្រេចជាលទ្ធផលបង្ហាញពីការគាំទ្រ និងសម្រេចឱ្យក្រុមហ៊ុន ដែលជាម្ចាស់គម្រោងចាប់ប្រតិបត្តិការលើអាជីវកម្មបាន ប៉ុន្តែត្រូវគោរពទៅតាមគោលការណ៍ និងការគ្រប់គ្រងដោយច្បាប់ជាធរមាន។
ទីតាំងដែលស្ថិតនៅក្នុងគម្រោងខាងលើនេះ មានថ្ទៃដីទំហំ២៣៥គីឡូម៉ែត្រ ស្ថិតនៅស្រុកអូរយ៉ាដាវ ស្រុកលំផាត់ ខេត្តរតនៈគីរី ដោយមានក្រុមហ៊ុន អង្គរ ហ្គោល ខប (ខេមបូឌា) ជាម្ចាស់គម្រោង និងសិក្សារៀបចំឯកសារដោយក្រុមហ៊ុនប្រឹក្សា PPIC Co,.Ltd។
ជារួមកិច្ចប្រជុំ បានសម្រេចលទ្ធផលដូចខាងក្រោម ទី ១-អង្គប្រជុំគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដីទំហំ២០០គីឡូម៉ែត្រការ៉េ ឱ្យស្របតាមអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែរបស់ក្រសួងរ៉ែ និងថាមពល និងដើម្បីជាការជំរុញសេដ្ឋកិច្ច និងគាំទ្រ ដល់គោលនយោបាយជាតិ ទី២-គម្រោងនេះ គឺជាមូលដ្ឋានផ្តល់នូវ ទិន្នន័យនៃសក្កានុពលរ៉ែក្នុងតំបន់ដែលជាព័ត៌មានសម្រាប់រាជរដ្ឋាភិបាល ធ្វើ ការសម្រេចចិត្តនៅថ្ងៃខាងមុខ។
ទី៣-ទីតាំងគម្រោងគ្របដណ្តប់ទៅលើតំបន់ការពារ (ឧទ្យានជាតិអូយ៉ាដាវ និងតំបន់របៀងអភិរក្សជីវៈចម្រុះឦសាន) ដែលទាមទារឱ្យក្រុមហ៊ុនត្រូវគោរព ទៅតាមបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយក្រសួងបរិស្ថាន និងត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងតំបន់ឧទ្យានជាតិអូយ៉ាដាវ និងអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និតពេលចុះសិក្សា។ ៤-ក្រុមហ៊ុនទីប្រឹក្សា ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានទូលំទូលាយអំពីវត្តមាន របស់គម្រោងទាំង៥ដំណាក់កាល នៃការសិក្សាស្វែងរុករករ៉ែលោហៈ ឱ្យប្រជាជនបានយល់ពីនីតិវិធី និងបច្ចេកទេស ព្រមទាំងភ្ជាប់របាយការណ៍ ដែលមានការគាំទ្រពីមូលដ្ឋាន ក្នុងរបាយការណ៍នេះ និងត្រូវដោះស្រាយការប៉ះពាល់ដីធ្លីជាមួយប្រជាជន និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវជាដើម៕
