ដោយ ៖ រ៉ាណេត
កណ្តាល ៖ រោងចក្រផលិតគ្រឿងសង្ហារឹមថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងសម្រេចឱ្យចាប់ផ្តើមដំណើរចង្វាក់ផលិតកម្មហើយបន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង ប៉ុន្តែត្រូវស្ថិតក្រោមគោលការណ៍របស់ច្បាប់កម្ពុជាដែលបានកំណត់។
ទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដែលពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម លើទំហំផ្ទៃដី ៦,៤ហិកតា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល របស់ក្រុមហ៊ុន ស៊ីង យា ម៉ី ហ្វើនីឈ័រ អិមអេហ្វជី អិលធីឌី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាល់ធេន (ខេមបូឌា)។
-->
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់មន្ត្រីតំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្តកណ្តាល តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនស៊ីង យា ម៉ី ហ្វើនីឈ័រ អិមអេហ្វជី អិលធីឌី (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាល់ធេន (ខេមបូឌា) ផងដែរ។
ជាមួយនឹងការសម្រេចគាំទ្រខាងលើនេះ ក្រុមហ៊ុន ក៏ត្រូវតែអនុវត្ត និងគោរពទៅតាមគោលការណ៍ដែលត្រូវបានកំណត់ ដោយច្បាប់កម្ពុជា ដូចជារៀបចំផែនការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវរៀបចំឱ្យមានឡសម្រាប់ដុលសំណល់រឹងទាំងនោះ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មានការបែងចែកប្រព័ន្ធលូសំណល់រាវ និងទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងត្រូវរៀបចំអាងសិបទិកឱ្យសមស្របទៅនឹងចំនួនបុគ្គលិក-កម្មករផងដែរ។
បន្ថែមពីនេះ ត្រវមានឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ដូចជា ម៉ាស វ៉ែនតា ស្រោមដៃ ប្រដាប់ការពារសំឡេង និងណែនាំដល់បុគ្គលិក-កម្មករ ឱ្យប្រើប្រាស់ជាប្រចាំពេលបំពេញការងារ និងចុះបញ្ជី ប.ស.ស ឱ្យបានគ្រប់ៗគ្នា។

ការសម្រេច និងគាំទ្រពីសំណាក់រដ្ឋាភិបាលទៅលើគម្រោងផលិតកម្មរបស់រោងចក្រផលិតគ្រឿងសង្ហារឹមមួយនេះ នឹងចូលរួមជួយជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពល្អប្រសើរ ជាពិសេសបានជំរុញឱ្យតម្លៃដីធ្លីនៅទីផ្សារល្អ ៕