ដោយៈ រ៉ាណេត
តួកគីៈ រដ្ឋាភិបាលកម្ពុជា នឹងតួកគីគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យកើនដល់១០០០លានដុល្លារ ចាប់ពីឆ្នាំ២០២០ ខាងមុខនេះតទៅ ខណៈកាលពីឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសតួកគី បានសម្រេចប្រមាណជា ៥១០លានដុល្លារតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាតួកគី មានចំនួនប្រមាណ ៥១០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅតួកគីមានទឹកប្រាក់ ៤៣៧.៨៤ លានដុល្លារអាមេរិក និងនាំចូលពីតួកគីមានទឹកប្រាក់ជាង៧២.១៦លានដុល្លារអាមេរិក។
-->
នៅក្នុងគោលបំណងពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្ម ឱ្យកាន់តែមានភាពល្អប្រសើរ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគី បានរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីរយៈពេល២ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងអង់ការ៉ា ក្រោមវត្តមានរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសហប្រធានជាមួយលោកបេគៀរ ប៉ាកដឺមៀលី (Kekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី។
ក្នុងជំនួបកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំណត់ នាពេលពេលអនាគត និងបម្រើផលប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ បានលើកឡើងពីការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសតួកគីផងដែរ ដែលក្នុងនោះរួមមាន ដូចជា ទំនិញសក្តានុពលរួមមានដូចជា សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច និងអង្ករ៕