ដោយ Donald Lee
ប៉េកាំងៈ ទីក្រុងប៉េកាំងបានអះអាងថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ មិនមែនជាបុព្វហេតុដែលគួរឱ្យព្រួយបារម្ភនោះទេ ហើយជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននិងការវិវត្តរបស់មជ្ឈឹមបូព៌ាទៅជាសេដ្ឋកិច្ចរីកចម្រើន។
របាយការណ៍ដែលចេញផ្សាយដោយកាសែត People’s Daily របស់ចិនបានបង្ហាញថា “សេដ្ឋកិច្ចចិនបានធ្លាក់ចុះក្នុងត្រីមាសទី៣ ប៉ុន្តែវាមិនមែនជាមូលហេតុនៃភាពភិតភ័យទេ”។
-->
អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិន បានធ្លាក់ចុះដល់៦ភាគរយនៅក្នុងត្រីមាសទី៣។ នេះបើយោងតាមរបាយការណ៍ការិយាល័យស្ថិតិជាតិ (NBS) ចេញផ្សាយកាលពីថ្ងៃសុក្រ។ ត្រីមាសទី៣ នៃឆ្នាំ២០១៩ គឺជារយៈពេលដំណើរការអាក្រក់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំ និងជាសញ្ញាបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច ធ្លាក់ចុះពីកំណើន៦,២ ភាគរយនៅក្នុងត្រីមាសទី២។
របាយការណ៍នេះបានឱ្យដឹងទៀតថា “ស្ថិតក្នុងភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូររបស់ប្រទេសពីដំណាក់កាល នៃកំណើនសេដ្ឋកិច្ចយ៉ាងលឿន ទៅការអភិវឌ្ឍប្រកបដោយគុណភាព វាជាលទ្ធផលល្អ និងស្របតាមច្បាប់មូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច”។
មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការធ្លាក់ចុះដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំកាលពី១០ឆ្នាំមុន។
របាយការណ៍របស់ IMF បានបង្ហាញថា “សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះស្របគ្នា ហើយកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ បានធ្លាក់ចុះម្តងទៀតដល់៣ភាគរយ ដែលជាល្បឿនទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក”។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានបញ្ជាក់ថា សេដ្ឋកិច្ចកំពុងផ្លាស់ប្តូរទៅដំណាក់កាលអភិវឌ្ឍន៍មួយ ដែលការប្រើប្រាស់ក្នុងស្រុកនឹងដើរតួនាទី កាន់តែធំជាជាងពាណិជ្ជកម្មអន្តរជាតិ។
របាយការណ៍បានឱ្យដឹងថា “ការប្រើប្រាស់បានបន្តជាកម្លាំងស្នូល ក្នុងការជំរុញតម្រូវការ ដែលរួមចំណែក៦០.៥ ភាគរយនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលនេះ”។
របាយការណ៍នេះក៏បានលើកឡើងផងដែរថា ការវិនិយោគផ្ទាល់ពីបរទេសនៅតែបន្តមានភាពរឹងមាំ ខណៈទុនវិនិយោគប្រមាណ៣៥៤លានដុល្លារ បានហូរចូលចិនជារៀងរាល់ថ្ងៃ។
របាយការណ៍នេះបានបញ្ជាក់ថា “ស្ថិតក្នុងការធ្លាក់ចុះនៃការវិនិយោគអន្តរជាតិ វិនិយោគិនបរទេសបានបោះឆ្នោតទុកចិត្តលើទីផ្សារចិន”៕