យុវជនបច្ចុប្បន្នមួយចំនួន បានឈ្លក់វង្វេងជាមួយនឹងគន្លឹះក្លាយជាបុគ្គលអស្ចារ្យជ្រុលនិយម រហូតធ្វើឲ្យខ្លួនឯង និងសង្គមត្រូវរងគ្រោះ។ ដោយសារតែការបំផុសរបស់អ្នកចេះមួយចំនួនតូច បានបង្ហាញផ្លូវបែបស្រាលៗឲ្យក្មេងមានមហិចតា ចង់ក្លាយជាអ្នកមាន ឬបុគ្គលអស្ចារ្យ តែមិនបានបង្ហាញថាធ្វើយ៉ាងណាឲ្យដល់ចំណុចដែលចង់បាននោះ និងអនុវត្តដោយវិធីណាដើម្បីស្របទៅនឹងបរិបទសង្គមកម្ពុជា។
ក្រោយពីទទួលបានការបំផុសទឹកចិត្តឲ្យមានគំនិតចង់មានចង់បានហើយ ដោយសារតែកង្វះចំណេះដឹង និងមិនយល់ច្បាស់ពីសង្គម យុវជនមួយចំនួនចាប់ផ្តើមលែងចង់រៀនជំនាញណាមួយឲ្យច្បាស់លាស់ (Academics) ហើយគិតតែពីអាន និងស្វែងយល់គ្រប់ទីកន្លែងពីបុគ្គលជោគជ័យខ្លាំងលើពិភពលោក ទាំងភ្លេចថាខ្លួនឯងនៅទីណា? សង្គមមានលក្ខណៈដូចម្តេច? វប្បធម៌របស់យើងខុសពីគេលើចំណុចណាខ្លះ? ហើយអ្វីដែលគួរធ្វើពិតប្រាកដនៅកម្ពុជា? រហូតដល់ពួកគេឆ្លក់វង្វេងជាមួយនឹងមហិចតាជ្រុលនិយម ប្រឡូកជាមួយនឹងការរកស៊ីដោយមិនមានចំណេះដឹងជាមូលដ្ឋានគ្រឹះ និងមិនចង់ចូលរួមក្នុងសកម្មភាពសង្គម ដោយគិតថាឥតប្រយោជន៍។ ទីបំផុតទឹកចិត្តលោភលន់ជ្រុល ធ្វើឲ្យពួកគេធ្លាក់ទឹក ព្រោះមិនយល់ច្បាស់ពីសង្គម និងមិនយល់ច្បាស់ពីបំណងពិតរបស់បុគ្គលអស្ចារ្យទាំងអស់នោះ។
-->
មានអ្នកខ្លះរៀនតាម Steve Jobs ឬ Bill gates ដើម្បីក្លាយជាអ្នកមាន ហើយគិតថា បុគ្គលល្បីល្បាញទាំងអស់នោះសុខចិត្តឈប់រៀនដើម្បីធ្វើជាអ្នកមានឆាប់។ រឿងអីយើងធ្វើមិនបាន!ដល់ពេលធ្វើតាមបានដឹងថាទឹកភ្នែកជូតក្បាលជង្គង់។
នៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា The Presentation Secrete of Steve Jobs បានរៀបរាប់ពីជីវិតខ្លះៗរបស់ Steve ថា «ខ្ញុំសរសើរ Bill Gates ដែលខិតខំធ្វើការងារដែលខ្លួនស្រឡាញ់ពិតប្រាកដ ដោយមិនចង់ក្លាយជាសេដ្ឋីនៅលើទីលានដែលគ្មានន័យ។ ខ្ញុំក៏ដូចគ្នា អ្វីដែលខ្ញុំធ្វើគឺសម្រេចក្តីស្រមៃដើម្បីផ្លាស់ប្តូរពិភពលោកតាមរយៈផលិតផលរបស់ Apple។ ខ្ញុំខិតខំធ្វើការងារយ៉ាងខ្លាំង ហើយខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំមានហេតុផលល្អប្រាប់ខ្លួនឯងថាខ្ញុំអាចសម្រេចសម្មិទ្ធផលយ៉ាងល្អមួយ មុនពេលចូលដេក។ ខ្ញុំខិតខំពេញមួយជីវិតដើម្បីក្តីស្រមៃ និងធ្វើដោយក្តីស្រឡាញ់ បន្ទាប់មកទ្រព្យសម្បត្តិនឹងកើតឡើងជាក្រោយ»។
ងាកមក Mark zuckerberg វិញក៏ជាអ្នកដែលធ្វើការងារដោយមិនមានភាពលោភលន់ដែរ។ នៅពេលដែលក្រុមហ៊ុន Yahoo សុំទិញ Facebook ក្នុងតម្លៃ ១ពាន់លានដុល្លានោះ ប្រសិនបើគាត់ធ្វើការដើម្បីតែចង់បានលុយ គាត់លក់តាំងពីពេលនោះបាត់ទៅហើយ មិនមែនចាំបាច់ខិតខំប្រឹងប្រែងអភិវឌ្ឍតាំងពីក្រុមហ៊ុននៅខ្សោយរហូតដល់ពេលបច្ចុប្បន្នទេ។
សូមគិតឲ្យច្បាស់មុននឹងធ្វើអ្វីមួយ!
ស្វែងយល់ពីឲ្យច្បាស់ពីព័ត៌មានគ្រប់ជ្រុងជ្រោយ កុំមើលតែពីជ្រុងអស្ចារ្យ ហើយភ្លេចគិតពីចំណេះដឹងពិតប្រាកដដែលត្រូវរៀន និងអភិវឌ្ឍ។ សម្រាប់កម្ពុជាមានរឿងដែលគួរឲ្យសោកស្តាយមួយត្រង់ សៀវភៅស្តីពីវិធីធ្វើមាន ធ្វើបាន និងគន្លឹះជោគជ័យច្រើនជ្រុល ហើយសៀវភៅស្តីពីសង្គម និងការសិក្សាស្រាវជ្រាវច្បាស់លាស់មានចំនួនតិចតូចណាស់បើប្រៀបធៀបជាមួយគ្នា។ សៀវភៅស្តីពីចំណេះដឹងសង្គម ឬចំណេះដឹងជាក់លាក់មានប្រហែលជាមិនដល់២០% ផងក្នុងបណ្ណាគារ។
មិនឃាត់ទេចំពោះការស្វែងយល់ពីបុគ្គលឆ្នើម ហើយសិក្សាជំនាញទន់ដើម្បីអភិវឌ្ឍជីវិត ខ្ញុំក៏អាន ព្យាយាមស្វែងយល់ និងធ្លាប់សរសេរសៀវភៅប្រភេទនេះខ្លះដែរ តែកុំជ្រុលនិយម។ សិក្សាពីសង្គមជាក់ស្តែងខ្លះផង សូមងាកមកអានសៀវភៅដែលមានប្រយោជន៍ ឬកាសែតស្តីពីសេដ្ឋកិច្ច សង្គម ឬការអប់រំនៅកម្ពុជាខ្លះផង។ អរគុណ តាមរយៈអត្ថបទនេះសង្ឃឹមថានឹងអាចរួមចំណែកជាគំនិតមួយសម្រាប់ការពិចារណា និងយល់ពីអត្ថន័យពិតប្រាកដនៅពីក្រោយសេចក្តីលោភដោយគ្មានមូលដ្ឋាន៕
ផ្ដល់សិទ្ធិដោយ ហេង សុវណ្ណ








