ដោយ វុត្ថា
ភ្នំពេញៈ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចថៃ កម្ពុជាចំនួន២២រូប ដឹកនាំដោយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្មលោកកឹម ស៊ីថន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩បានប្រាប់ក្រុមអ្នកធុរកិច្ចថៃអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
លោកក៏បានផ្តល់យោបល់ដល់គណៈប្រតិភូថៃ ដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា លើវិស័យកសិកម្មឧស្សាហកម្ម សណ្ឋាគារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី និងបច្ចេកវិទ្យា (IT) ដែលផ្តល់ឱកាសដល់ពាណិជ្ជករថៃ មកវិនិយោគលើវិស័យទាំងនេះ។
លោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃបានថ្លែងអំណរគុណ ចំពោះក្រសួងពាណិជ្ជកម្ម ដែលផ្តល់ពេលវេលាដ៏មានតម្លៃចូលរួមផ្តល់ការណែនាំ និងជម្រាបផ្តល់អំពីព័ត៌មានសំខាន់ៗមួយចំនួនធំ ចែកជូនដល់ពាណិជ្ជករថៃទាំង២២រូប ដែលមានគោលបំណង និងមានចំណាប់អារម្មណ៍មកវិនិយោគ ធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលផលិតផលនៅប្រទេសកម្ពុជា។

បើកតាមការឱ្យដឹងពីលោកកឹម ស៊ីថនថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិក៕






