អាជ្ញាធរ​ជាតិ​អប្សរា​ចេញ​សេចក្ដីប្រកាស​លុបបំបាត់​ការ​ផ្សព្វផ្សាយ​ផ្ទុយពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​តំបន់​អង្គរ​

0

ដោយៈ​រ៉ា​ណេត​

សៀម​រា​បៈ​ អាជ្ញាធរ​ជាតិ​អប្សរា​ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័នជាតិ​-អន្តរជាតិ​ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រមណីយដ្ឋាន​អង្គរ​ បាន​រៀបចំ​អភិវឌ្ឍន៍​ គ្រប់គ្រង​ ជួសជុល​ អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​ឱ្យ​រួចផុត​ពី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់​ រហូត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​សកលលោក​ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ ជាគោល​ដៅ​ទេស​ចរ​ណ៍​ផ្ទួន​ៗគ្នា​នា​ឆ្នាំ​កន្លងមក​។

តាមរយៈ​ការ​អភិរក្ស​បេតិកភណ្ឌ​ និង​វិស័យ​ទេសចរណ៍​វប្បធម៌​ រមណីយដ្ឋាន​អង្គរបាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​បាន​ផ្តល់​នូវ​ប្រយោជន៍​ដ៏​ឧត្តុ​ងឧត្តម​ទាំង​ផ្ទាល់​ និង​ប្រយោល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ ជាពិសេស​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​។

ផ្ទុយទៅវិញ​ កន្លងមក​នេះ​មានការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​រូបភាព​ពុំ​ស្តែង​ចេញ​អំពី​បច្ចុប្បន្នភាព​ នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ ដែល​សកម្មភាព​ទាំងនោះ​ខុសពី​ការពិត​ ទៅ​នឹង​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បច្ចុប្បន្ន​ កំពុង​បំពេញ​យ៉ាង​សស្រាក់​សស្រាំ​។ លើស​ពីនេះ​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​រូបភាព​ផ្ទុយពី​បច្ចុប្បន្នភាព​បែបនេះ​ អាច​បង្ក​ឱ្យ​ភ្ញៀវ​ទេសចរ​មានការ​យល់​ច្រឡំ​ និង​គិត​មិនល្អ​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​មក​ទស្សនា​នៅ​កម្ពុជា​និង​រមណីយដ្ឋាន​អង្គរ​។

លោក​ ឡុង​ កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​ ក្រៅពី​កិច្ចការ​ជួសជុល​អភិរក្ស​ប្រាសាទ​ បាន​យកចិត្ត​ទុកដាក់​ធ្វើជា​ប្រចាំថ្ងៃ​លើ​កិច្ចការ​លើកកម្ពស់​បរិស្ថាន​ ឱ្យ​មាន​ភាព​បៃតង​នៅក្នុង​តំបន់​អង្គរ​ តាមរយៈ​ការរៀបចំ​សួន​ស្មៅ​ ការ​ដាំ​ដើមឈើ​ប្រណីត​ ការទប់ស្កាត់​អ្នកលក់​ដូរ​នៅ​លើ​វាលស្មៅ​ តាម​កសិន្ធុ​អង្គរវត្ត​ ការរៀបចំ​ចំណត​យានយន្ត​ ការ​ធ្វើ​ផ្លូវ​កង់​ ការស្ថាបនា​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​។ល។ កិច្ចការ​ទាំងនេះ​ គឺ​ក្នុង​បំណង​បម្រើ​ដល់​សេវាកម្ម​ទេសចរណ៍​ និង​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កាន់តែ​ច្រើន​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ការប្រើ​ប្រាស់​រូបភាព​ ដែល​ពុំ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​បច្ចុប្បន្ន​ ពុំមែន​ជា​រឿង​ល្អ​ប្រសើរ​ទេ​។ ដូច្នេះ​ សូម​សាធារណជន​ប្រើប្រាស់​រូបភាព​និង​ខ្លឹមសារ​ ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ជាក់ស្តែង​ នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ជាពិសេស​សកម្មភាព​ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​នា​បច្ចុប្បន្ន​នេះ​ ដូចជា​ការរៀបចំ​ចំណត​ ការ​ដាំ​ស្មៅ​ ដាំ​ផ្កា​ ដាំ​ដើមឈើ​។ល។ ដើម្បី​រឹតតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​កើនឡើង​មិនខាន​។

សូម​រួមគ្នា​លុបបំបាត់​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​រូបភាព​មិនមែន​បច្ចុប្បន្នភាព​អំពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​បំផុស​និង​ផ្សព្វផ្សាយ​រូប​ភា​ពល្អៗ​ និង​ភាព​ស្រស់​ស្អាត​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាតិ​!!!៕

LEAVE A REPLY

Please enter your comment!
Please enter your name here