ដោយ វុត្ថា
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងថា រដ្ឋាភិបាលចាំបាច់ដាក់ឲ្យមានក្រុមហ៊ុន ប្រមូលសំរាមពី៣ទៅ៤ក្រុមហ៊ុន ខណៈក្រុមហ៊ុនស៊ិនទ្រីមិនអាចដោះស្រាយបញ្ហានេះបាន។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅទីក្រុងកោះពេជ្រ នាព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោបានថ្លែងថា សម្ដេចតេជោថា មុននេះតាំងពីឆ្នាំ១៩៩៦ មកទីក្រុងភ្នំពេញមានសំរាមប្រមាណ៣0តោនតែប៉ុណ្ណោះ ហើយទឹកដីដែលយើងត្រូវយកសំរាមនោះ មានប្រមាណតែ៣00គីឡូម៉ែត្រការ៉េប៉ុណ្ណោះទេ។ ប៉ុន្តែគិតមកដល់បច្ចុប្បន្ននេះ ទំហំទីក្រុងភ្នំពេញបានកើនធំរហូតទៅដល់ជាង៦០០គីឡូម៉ែត្រការ៉េ ហើយបញ្ហាសំរាមគឺបានកើនរហូតទៅដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។
-->
សម្តេចតេជោបានបន្តថា “ក្រុមហ៊ុនស៊ិនទ្រីមួយ មិនអាចនឹងគ្រប់គ្រងបាននោះទេ រាជរដ្ឋាភិបាលចាំបាច់ ត្រូវតែរកក្រុមហ៊ុន៣ទៅ៤បន្ថែមទៀត ដើម្បីដោញស្រាយបញ្ហាសំរាមនេះ”។
វិស័យឯកជនបានប្រកាសស្វាគមន៍ចំពោះប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដាក់ឱ្យមានការដេញថ្លៃក្រុមហ៊ុនប្រមូលសំរាមច្រើន នៅក្នុងទីក្រុងភ្នំពេញ ខណៈនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនតែមួយទទួលបន្ទុក ប្រមូលសម្រាមនៅក្នុងទីក្រុងមួយនេះ។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានឱ្យដឹងថា បច្ចុប្បន្នទីក្រុងភ្នំពេញមានក្រុមហ៊ុនតែមួយ គឺក្រុមហ៊ុនស៊ីនទ្រី ដែលមិនបានប្រមូល និងគ្រប់គ្រងសម្រាមឱ្យបានត្រឹមត្រូវនោះទេ ដោយកន្លែងខ្លះនៅសល់ពាសវាលពាសកាលបន្ទាប់ពីប្រមូល ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាពទីក្រុងទាំងមូល។
លោកបន្តថា “នៅពេលដាក់ឱ្យមានការដេញថ្លៃ លើការគ្រប់គ្រងសំរាមនេះរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ពិតជាល្អណាស់ ដើម្បីឱ្យក្រុមហ៊ុនផ្សេងៗមានឳកាសចូលរួមប្រមូល និងគ្រប់គ្រងសម្រាមនៅក្នុងទីក្រុងភ្នំពេញ កាន់តែល្អប្រសើរមួយកម្រិត ដោយបែកចែកទីតាំងប្រមូលសម្រាមឱ្យបានត្រឹមត្រូវ”។
លោកក៏បានអំពាវដល់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិប្រមូល និងគ្រប់គ្រងសំរាម ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវហ៊ុព័ទ្ធរថយន្តដែលដឹកសំរាម អោយបានល្អកុំអោយជះក្លិនអាក្រក់ នៅពេលបើកនៅតាមផ្លូវប៉ះពាល់ដល់សុខភាពសាធារណៈ៕