រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​៖ កម្ពុជា​មាន​លុយ​ចំនួន​ ៣ពាន់​លាន​ដុល្លារ​តម្កល់​នៅ​រតនាគារជាតិ

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​អះអាង​ថា​ នៅ​បច្ចុប្បន្ន​នេះ​ថវិកាជាតិ​ មាន​ក្នុង​រតនា​គា​ជាតិ​ ដែល​សល់​ពី​ការ​ចំណាយ​ប្រចាំឆ្នាំ​កន្លងទៅ​ គឺ​មាន​ចំនួន៣ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ ឧបនាយក​រដ្ឋ​មន្រ្ដី​ អូន​ ព័ន្ធ​មុ​នី​រត្ន័​ នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ជាមួយ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្ដី​អំពី​ ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ ឆ្នាំ២០២០​ នៅ​ថ្ងៃទី​ ២២​ ខែតុលា​នេះ​ ក៏បាន​លើកឡើង​ពី​ចំណូល​ ដែល​កម្ពុជា​ទទួល​បាន​ពី​ វិស័យ​ប្រេងកាត​ នៅក្នុង​ប្លុក​ A ដែនសមុទ្រ​កម្ពុជា​ថា​ នៅ​រយៈពេល១០ឆ្នាំ​ដំបូង​ នៃ​ដំណើរការ​បូម​ប្រេង​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ចំណូល១ពាន់​លាន​ដុល្លារ​។

លោក​ឧបនាយក​រដ្ឋ​មន្រ្ដី​ អូន​ ព័ន្ធ​មុ​នី​រត្ន័​ ក៏បាន​ទម្លាយ​ពី​ចំណូល​ពន្ធដារ​ ដែល​កម្ពុជា​ទទួល​បាន​ ពី​វិស័យ​កាស៊ីណូ​ នៅ​ឆ្នាំ២០១៩នេះ​ថា​ ប្រមូល​បាន​ពន្ធ​ជាង៥០លាន​ដុល្លារ​អាមេរិក​ ដែល​ចំណូល​នេះ​នឹង​ថមថយ​វិញ​នៅ​ឆ្នាំ២០២០​ ដោយសារតែ​ការ​បិទ​ល្បែង​តាម​អន​ឡាញ​។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​ឯករាជ​សេដ្ឋកិច្ច​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សម្រាប់​ថវិការ​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​ដែល​តម្កល់​នៅ​រតនាគារជាតិ​ គឺ​មិន​ច្រើន​នោះ​ទេ​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​វា​គ្រាន់តែ​ជា​ប្រា​ក់បំ​រ៉ុង​ប៉ុណ្ណោះ​ ។ ​លោក​បន្ថែម​ថា​ ទាក់ទង​ទៅ​នឹង​ការ​ទទួលផល​ពី​ប្រេងកាត​ គឺ​មិនទាន់​ជា​ច្បាស់​នៅឡើយ​ទេ​ ព្រោះ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​រឿង​ៗ ថា​នឹង​ទទួល​បាន​ឆាប់​ៗនេះ​ ។

តែបើ​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​ពី​វិស័យ​ប្រេងកាត​នេះ​ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លូតលាស់​ទៅមុខ​ថែមទៀត​។ លោក​ក៏បាន​ស្នើ​ដល់​ឱ្យ​មានការ​គ្រប់គ្រង់​ប្រាក់ចំណូល​ពី​វិស័យ​ប្រេងកាត​នេះ​ ឱ្យ​មាន​តម្លាភាព​ ជាពិសេស​កត់ត្រា​ និង​ធ្វើ​របាយការណ៍​ក្នុង​មួយ​ខែ​ ឬ មួយឆ្នាំ​បាន​ប៉ុន្មាន​ពី​ចំណូល​ និង​ចំណាយ​ឱ្យ​បាន​ច្បាស់​ថា​តើ​កម្ពុជា​ទទួល​បាន​ចំណូល​ប៉ុន្មាន​ឱ្យ​ពិតប្រាកដ​ ដើម្បី​ឱ្យ​មាន​តម្លាភាព​នៃ​ថវិកាជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here