ដោយ វុត្ថា
ភ្នំពេញៈ យោងតាមច្បាប់នៃប្រទេសកម្ពុជា រាល់ការដឹកទំនិញចេញចូលទាំងអស់ត្រូវធ្វើលិខិតស្នាម ដោយបំពេញនូវរាល់មុខទំនិញ ដែលនាំចូល និងនាំចេញឱ្យបានសព្វគ្រប់ ដើម្បីទទួលបានលិខិតអនុញ្ញាត ដឹកជញ្ជូនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទៅកាន់ទីផ្សារនានា។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា លិខិតអនុញ្ញាតដឹកជញ្ជូន ត្រូវបានប្រើប្រាស់ចំពោះតែទំនិញនាំចូល ដែលបានបំពេញបែបបទគយចប់សព្វគ្រប់ ហើយពុំអាចដឹកជញ្ជូនទាំងស្រុង ក្នុងមធ្យោបាយដឹកជញ្ជូនតែមួយ ដោយហេតុថា មានបរិមាណច្រើន ឬហេតុផលសមស្របផ្សេងទៀតប៉ុណ្ណោះ។
ឯកសារដដែលបន្តថា សម្រាប់ទំនិញមិនលើសមួយឯកតា មធ្យោបាយដឹកជញ្ជូន ត្រូវធ្វើឡើងដោយច្បាប់ដើម និងត្រូវអមភ្ជាប់ជាមួយបង្កាន់ដៃពន្ធច្បាប់ចម្លង ដែលមានការបញ្ជាក់ពីការកាត់ស្តុកច្បាស់លាស់ ហើយត្រូវកាន់ជាប់ជាមួយមធ្យោបាយដឹកជញ្ជូនដែលមានការបញ្ជាក់អត្តសញ្ញាណកម្មច្បាស់លាស់ក្នុងលិខិតនេះ។
សម្រាប់តែមធ្យោបាយដឹកជញ្ជូនណា ដែលស្របច្បាប់ គឺមានន័យថាបានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវ។ មានស្លាកលេខសម្គាល់មធ្យោបាយដឹកជញ្ជូន ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬស្លាកសម្គាល់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (អគរ)។ ក្នុងករណីផ្សេងពីនេះ ត្រូវមានការអនុញ្ញាតជាមុនពីអគរ។
លិខិតអនុញ្ញាតដឹកជញ្ជូនអមមធ្យោបាយដឹកជញ្ជូនខាងលើ ត្រូវមានការបញ្ជាក់ “បានឃើញឆ្លងកាត់” ពីអង្គភាពគយ និងរដ្ឋាករ មួយចំនួនតាមតម្រាយផ្លូវ ដែលដឹកជញ្ជូនទំនិញតាមការកំណត់ដោយឡែក៕