ដោយគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជានឹងទទួលបានចំណូល១០០០លានដុល្លារអាមេរិក ពីតំណក់ប្រេងក្នុងរយៈពេល ១០ឆ្នាំតំបូង។នេះបើតាមការអះអាងរបស់លោកពេជ្រ ស្រស់សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងជាប្រធានគណបក្សយុវជនខ្មែរ។
លោកពេជ្រ ស្រស់ ដែលត្រូវបានដកស្រស់សម្តីដោយសារព៌តមាន Freshnews កាលពីថ្ងៃទី២២ តុលាកន្លងមកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានបញ្ជាក់អំពីក្ដីរំពឹងនៃចំណូល ដែលកម្ពុជាទទួលបានពី វិស័យប្រេងកាតនៅក្នុងប្លុកAដែនសមុទ្រកម្ពុជាថា នៅរយៈពេល១០ឆ្នាំដំបូង នៃដំណើរការបូមប្រេងកម្ពុជារំពឹងថា នឹងទទួលបានចំណូល១ពាន់លានដុល្លារ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដីអូន ព័ន្ធមុនីរត្ន័ ក៏បានទម្លាយពីចំណូលពន្ធដារ ដែលកម្ពុជាទទួលបានពីកាស៊ីណូនៅឆ្នាំ២០១៩នេះថា ប្រមូលបានពន្ធជាង៥០លានដុល្លារអាមេរិក ដែលចំណូលនេះនឹងថមថយវិញនៅឆ្នាំ២០២០ ដោយសារតែការបិទល្បែងតាមអនឡាញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបានប្រកាសពីភាពរឹងមាំ នៃថវិកាជាតិដែលកម្ពុជាមាន ខណៈដែលចំណូលគយ និងពន្ធដារបានកើនឡើងគួរជាទីមោទនៈ។
កាលពីដើមខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រាក់បម្រុង សល់រហូតដល់១៥ពាន់លានដុល្លារ និងមាស៣០តោនផងដែរ។
សម្តេចតេជោបានបញ្ជាក់ផងដែរថា ចំណូលបានទទួលពីប្រេងនឹងត្រូវយកទៅប្រើសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន់ជាដើម”៕






