ដំណឹងល្អ៖ សម្តេច​តេជោ​សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​ ដោយ​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​។

សម្តេ​តេជោ​ សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​របស់​សម្តេច​កាលពី​យប់​ថ្ងៃទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ “ដោយ​ក្តាប់​បាន​នូវ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អំពី​ការ​ដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​ ល្ងាច​ថ្ងៃនេះ​ ខ្ញុំ​បានសម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ​ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​ តទៅ​”។

សម្តេច​បន្ត​ថា​ “យន្តការ​យក​ថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​ ដែល​កិច្ចការ​នេះ​ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធ្វើការ​ប្រជុំ​ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា​ ពលរដ្ឋ​ជាទីស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​”។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​បៀ​លប្រា​យកា​លពី​ថ្ងៃទី​ ២២​ ម្សិលមិញ​នេះ​ផង​ដែរ​បាន​ប្រកាស​ដក​យក​សិទ្ធិ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មកវិញ​ មក​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋ​ ប៉ុន្តែ​មិន​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​ឡើយ​ រួច​ដាក់ដេញថ្លៃ​ដោយ​ឱ្យ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ៗ ដោយ​ចែក​តំបន់​គ្នា​គ្រប់គ្រង​។

សម្តេច​តេជោ​ថា​ “បើ​មិន​បែងចែក​តំបន់​ទេ​ គឺ​អត់​ទៅរួច​ទេ​ ទុក​ឱ្យ​ស៊ីន​ទ្រី​បន្ត​ គឺ​អត់​បានទេ​។ ចឹង​ជម្រើស​ត្រូវ​បែងចែក​ជា​តំបន់​ ហើយ​ឱ្យ​មាន​ក្រុមហ៊ុន​យ៉ាងតិច៣​ ប៉ុន្តែ​យល់​ល្អ៤​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ បើ​ស៊ីន​ទ្រី​មិន​កម្រើក​ដៃ​ សំរាម​ពេញ​ក្រុង​”។

សម្តេច​សង្កត់ធ្ងន់​ថា​ ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដែល​ដល់ពេល​ត្រូវ​រដ្ឋ​ដក​យក​មក​គ្រប់គ្រង​វិញ​ ហើយ​បើកឱកាស​ដល់​ក្រុម​ហ៊ុន​ផ្សេង​ៗដែល​មានលទ្ធភាព​ និង​សមត្ថភាព​យ៉ាងហោចណាស់៤​ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយ​បាន​ល្អ​។

សម្តេច​តេជោ​បាន​មាន​ប្រសា​ន៍​ថា​ រាល់ថ្ងៃ​ឮតែ​ពលរដ្ឋ​និយាយ​និង​រអ៊ូ​តែ​ពី​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​ គឺ​ក្រុមហ៊ុន​នេះ​គ្មាន​សមត្ថភាព​ធ្វើការ​តទៅទៀត​ទេ​។ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​បញ្ជា​អោយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ធ្វើ​កិច្ចការ​នេះ​អោយ​បាន​ឆាប់​បំផុត​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​យើង​អោយ​កាន់តែ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ល្អ​ អនាម័យ​ខ្ពស់​ និង​បរិស្ថាន​ល្អ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here