ដោយៈ រ៉ាណេត
ប្រទេសចិនៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានស្នើដល់ភាគីខាងប្រទេសចិន ឱ្យមានការកែប្រែនូវនីតិវិធីនៃការធ្វើពាណិជ្ជកម្ម លើផ្នែកកសិកផលជាមួយកម្ពុជា ដើម្បីជំរុញនិងលើកកម្ពស់កសិផលនៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

-->
ក្នុងដំណើរទស្សនកិច្ច និងចូលរួមនៅក្នុងព្រឹត្តិការពិព័រណ៍ពាណិជ្ជកម្ម ផ្លែឈើអន្តរជាតិលើកទី៤ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១-២៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយុនឆឹង ខេត្តសាន់ស៊ី ប្រទេសចិន លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការចាប់អារម្មណ៍ខ្ពស់ ចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម លើកផលិតផលកសិកម្មកម្រិតអន្តរជាតិ។
ក្នុងនាមជាប្រធានប្រតិភូកម្ពុជា លោកសំ សិរីរតន៍ បានមានប្រសាសន៍ថា “កិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ក្នុងគន្លងខ្សែក្រវាត់ និងផ្លូវបានជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឡើងដល់កម្រិតដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរចង់បាន ក្នុងនោះចិននៅតែឈរក្នុងលំដាប់ឈានមុខគេនៃការធ្វើវិនិយោគ និងទេសចរណ៍នៅកម្ពុជា”។
លោក សំ សិរីរតន៍ បានលើកឡើងពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងគោលនយោបាយលើកទឹកចិត្ត របស់រដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេសការវិនិយោគលើវិស័យកសិកម្ម ដូចជាការកែច្នៃ កសិផលទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកផង និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិផង ខណៈដែលកម្ពុជា នៅតែមានឧត្តមភាព និងភាពអនុគ្រោះពាណិជ្ជកម្មនៅឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានស្នើភាគីចិន ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មលើផលិតផលកសិកម្ម ជាពិសេសរវាងផ្លែប៉ោម ក្រុងយុនឆឹង និងផលិតផលកសិកម្មកម្ពុជា។
លោក លាវ ចឺហុង លេខាបក្សក្រុងយុនឆឹង ខេត្តសាន់ស៊ី បានបង្ហាញពីការគាំទ្រនូវការលើកឡើងពីភាគីខាងកម្ពុជាទាំងស្រុង ដោយបានសន្យារៀបចំគណៈ ប្រតិភូពាណិជ្ជកម្ម ធុរជន និងវិនិយោគគិនចិនក្នុងខេត្តសាន់ស៊ី មកទស្សនកិច្ចនៅកម្ពុជានាឱកាសឆ្នាំក្រោយ។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះភាគីទាំងពីរ បានជំរុញឱ្យមានការធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយធ្វើការផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក រវាងប្រទេសកម្ពុជា និងខេត្តសាន់ស៊ី ដើម្បីជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគ មានទំនាក់ទំនងដោយផ្ទាល់ និងមានឱកាសបានចាប់ដៃគូពាណិជ្ជកម្មលើវិស័យកសិកម្មផងដែរ៕