ដោយ វុត្ថា
ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានអះអាងថា សភាពាណិជ្ជកម្មអាល្លឺម៉ង់ចង់បើកការិយាល័យនៅប្រទេសកម្ពុជាជាលើកដំបូង ដោយសារតែក្រុមហ៊ុនអាល្លឺម៉ង់មានការចាប់អារម្មណ៍លើសេដ្ឋកិច្ចកម្ពុជាគឺចង់មកបណ្ដាក់ទុននៅកម្ពុជា។
លោក Christian Berger នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹង ប្រទេសកម្ពុជានិងអាល្លឺម៉ងនៅមានសក្តានុពលយ៉ាងច្រើនលើកិច្ចសហប្រតិបត្តិលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
-->
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរូបនេះ បានសន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រោះប្រទេសយើងទាំងពីរមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ បើក្រឡេកទៅមើលវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរគឺមានការរីកចម្រើនយ៉ាងច្រើន ហើយកម្ពុជាក៏មានការនាំចូលពីអាឡឺម៉ង់ច្រើនដែរដូចជារថយន្តជាដើម ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ។

សម្តេចបន្តថា កន្លងមកនេះ កម្ពុជាបានសំរេចចិត្តទិញម៉ាស៊ីនភ្លើងដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផលដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជាអាល្លឺម៉ង់នេះ គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន៕