ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងសហរដ្ឋអាមេរិក បានសន្យាពង្រីក និងពង្រឹងទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះឱ្យដឹងថា អ្វីដែលជាការបន្តធ្វើរវាងកម្ពុជា-អាមេរិកនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។
-->
សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកមានការសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកយើងមានចំណុចដែលបានឯកភាពគ្នាច្រើន ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។
កម្ពុជានិងអាមេរិកក៏មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរមានទាំងវិស័យអប់រំវិស័យសុខាភិបាលជាដើម ហើយយើងនឹងបន្តធ្វើការងារលើវិស័យសំខាន់ៗនេះជាបន្តទៀត ។ សម្ដេចតេជោម ក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិកផងដែរទាក់ទងទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។
សម្តេចបន្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់ឃើញអាមេរិក និងអាស៊ានមានការសហការគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា និងទូតអាមេរិក នឹងសហការគ្នាក្នុងការធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ។
លោក W.Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅពេលនេះ។
ដូច្នេះតាមរយៈជំនួបនេះ គឺជាលើកដំបូងរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី ក្នុងការជួបសំដែងការគួរសមនិងពិភាក្សាការងារដោយផ្តោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕