ដោយ ប៊ី
តូក្យូ៖ លោក Shinzo Abe នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីថា ជប៉ុនបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយឈរនៅជាមួយកម្ពុជាជានិច្ច។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងក្នុងពេលអញ្ជើញចូលគាល់ និងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងពេលព្រះអង្គកំពុងគង់ប្រថាប់ បំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន។
លោក Shinzo Abe បានលើកឡើងថា “ព្រះករុណាព្រះបរមររនកោដ្ឋ ព្រះអង្គមិនត្រឹមតែបាននាំមកជូនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គ បានបង្កើតឡើងនូវទំនាក់ទំនងសាមគ្គីភាព រវាងប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន”។
បន្ថែមពីលើនេះ លោកបានបន្តថា ប្រទេសជប៉ុននិងកម្ពុជា មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ក្នុងនាមជាដៃគូរយុទ្ធសាស្រ្តចាប់តាំងពីឆ្នាំ២០១៣ ហើយប្រទេសជប៉ុន តែងតែឈរនៅជាមួយប្រទេសកម្ពុជា លើការអភិវឌ្ឍន៍ប្រជាធិបតេយ្យ។
លោកបានឱ្យដឹងទៀតថា “ប្រទេសជប៉ុន និងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្រោមការឯកភាពរបស់ប្រជាជន”។ លោកបន្តថា “ប្រទេសជប៉ុន ក៏បានគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តគាំទ្រការផ្លាស់ប្តូរលើវិស័យវប្បធម៌ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន”។

ដូចគ្នានេះដែរ ព្រះអង្គ ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងបានអបអរសាទរចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកំពុងឈានទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ៕






