អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​រកចំណូល​បាន​ជិត២៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គិត​ត្រឹម​រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ តាមរយៈ​អគ្គនាយក​ ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ការ​ប្រមូល​ពន្ធ​ចូល​ជា​ថវិកាជាតិ​ បាន​ចំនួន​ជាង ៩​,៧ទ្រី​លាន​រៀល​ ស្មើនឹង​ប្រមាណ ២៣៩១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ កើនឡើង​ជាង៣៥ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ លោក​ គុណ​ ញឹម​ បាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​រយៈពេល៩ខែ​ ក្នុង​ឆ្នាំ២០១៩​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ជាមួយនឹង​លទ្ធផល​នៃ​ចំណូល​ ដែល​ទទួល​បានខាង​លើ​នេះ​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ស្មើនឹង​ជាង ១០៦ភាគរយ​ នៃ​ផែនការ​ឆ្នាំ​ដែល​បាន​កំណត់ដោយច្បាប់​ស្ដីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩​។

លោក​បាន​បញ្ជាក់​ថា​ “បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ កាល​ណពីឆ្នាំ២០១៨​ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗ ដែល​ប្រមូល​ដោយ​គយ​មា​នកំនើន​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​នោះ​ពន្ធគយ​ (ពន្ធ​នាំចូល​) មាន​កំណើន​ជិត៣៨ភាគរយ​ អាករ​ពិសេស​កើន​ប្រមាណ៣៩ភាគរយ​ និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើន​ជាង៣២ភាគរយ​”។

មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗ រួមមាន​(១) យានយន្ត​ និង​គ្រឿងចក្រ​ គ្រប​ដណ្តប់​ប្រមាណ​ជាង៥២ភាគរយ​នៃ​ចំណូល​សរុប ​(២) ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ​ជិត ១៧ភាគរយ​ នៃ​ចំណូល​សរុប​ និង​ (៣) ទំនិញ​ចម្រុះ​ និង​គ្រឿងសំណង់​មាន​ប្រមាណ​ ២៩.៥ភាគរយ​នៃ​ចំណូល​សរុប​។

លោក​បាន​លោក​ឡើង​ថា​ “លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ ការអនុវត្ត​កម្មវិធី​កែទម្រង់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការយល់​ដឹង​កាន់តែ​ទូលាយ​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធអាករ​របស់​ធុរជន​ពាក់ព័ន្ធ​”។

ក្នុង​កិច្ច​ជំរុញ​ឱ្យ​ការ​ប្រមូល​ពន្ធ​និង​អាករ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ​លោក​ គុណ​ ញឹម​ បាន​ណែនាំ​ឱ្យ​មន្ត្រី​គយ​ និង​រដ្ឋាករ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​ និង​បាន​រំលឹក​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំឆមាស​ទី១ឆ្នាំ២០១៩កន្លងទៅ​។

លើស​ពីនេះ​ លោក​ក៏បាន​ណែនាំ​បន្ថែម​ដោយ​សង្កត់ធ្ងន់​ និង​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ លើ​ការងារ​ជំនាញ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការងារ​បច្ចេកទេស​គយ​ អនុវត្តន៍​បន្ត​ដូច​ភ្លៀងរលឹម​ ការងារ​បង្ការ​និង​បង្រ្កាប​អំពើ​រត់គេច​និង​បន្លំ​ពន្ធ​ ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ និង​កែ​លម្អ​សេវា​គយ​បន្ថែម​ទៀត​ ការអនុវត្ត​នីតិវិធី​បំពេញបែបបទ​គយ​មុន​ពេល​ទំនិញ​មកដល់​ ជំរុញ​បញ្ចប់​យុទ្ធ​សាស្រ្ត​នៃ​ការអនុវត្ត​ច្បាប់​ និង​យុទ្ធ​សាស្រ្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​កសាង​ផែនការ​សកម្មភាព​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ឆ្នាំ២០២០ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here