ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ចិន CDB សាខាខេត្តក្វាងស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគអាកាសយានដ្ឋានភ្នំពេញថ្មី បន្ថែមពីលើគម្រោងដែលមានស្រាប់រួមមានដូចជាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ និងគម្រោងសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប។

-->
នាយកចាត់ការទូទៅរបស់ CDB សាខាខេត្តក្វាងស៊ី ប្រទេសចិន លោក Mei Shiwen ដែលបានដឹកនាំគណៈប្រតិភូវិនិយោគិនមួយក្រុមដើម្បីសិក្សាពីសក្ដានុពល និងឱកាសវិនិយោគជាដៃគូនៅកម្ពុជា បានលើកឡើងពីគោលបំណងចង់បណ្តាក់ទុនវិនិយោគទៅលើគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញបន្ថែមពីលើគម្រោងដែលស្រាប់នាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោក Mei Shiwen បានមានប្រសាសន៍ថា “តបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍ចិន (CDB) ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ជាលទ្ធផលគឺទទួលបានសម្រេចសមិទ្ធផលជាច្រើន”។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលជាធនាគារក្រោមការដឹកនាំផ្ទាល់ពីក្រុមប្រឹក្សារដ្ឋចិន បានផ្តល់ហិរញ្ញប្បទានដល់គម្រោងធំៗចំនួនពីរនៅកម្ពុជាគឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងព្រលានយន្តហោះសៀមរាបថ្មីជាដើម”។
លោកបានបន្តទៀតថា “ យោងតាមបទពិសោធន៍ និងកិច្ចសហការគ្នាយ៉ាងល្អកាលពីពេលកន្លងទៅនេះ ធនាគារ CDB បានចាប់អារម្មណ៍ក្នុងការវិនិយោគលើអាកាសយានដ្ឋានភ្នំពេញថ្មី និងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែក្រុងព្រះសីហនុផងដែរ”។
លោកទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍ចិន(CDB) ដែលបានផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងគម្រោងដទៃទៀតនៅកម្ពុជាឱ្យដំណើរការបានដោយរលូន។

ជាមួយគ្នានេះផងដែរ លោកក៏បានស្នើឱ្យធនាគារ CDB ពិនិត្យមើលកិច្ចសហប្រតិបត្តិការ បន្ថែមទៀតលើគម្រោងវិនិយោគចិននៅកម្ពុជាដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ការអភិវឌ្ឍកំពង់ផែ ការដឹកជញ្ជូនផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក៕