ដោយ Donald Lee
ភ្នំពេញៈ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី Donald Trump មិនបោះបង់ចោលចិនទេ។
លោក Pence បានមានប្រសាសន៍ថា “ពេលខ្លះ មនុស្សសួរថាតើរដ្ឋបាល Trump ស្វែងរកការចាកចេញពីប្រទេសចិនដែរឬទេ?ចំលើយគឺជា “ទេ”។លោកបានបន្ថែមថា “អាមេរិក មិនស្វែងរកការប្រឈមមុខជាមួយចិនទេ។ យើងមិនកំពុងព្យាយាមរារាំងការអភិវឌ្ឍរបស់ចិនទេ”។
-->
កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងឈានទៅរកភាពល្អប្រសើរ ហើយកិច្ចព្រមព្រៀងដំណាក់កាលដំបូង នឹងត្រូវបានចុះហត្ថលេខា នៅឯកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកនៅថ្ងៃទី១៦ ខែ វិច្ឆិកា។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទថា “កិច្ចព្រមព្រៀងជាមួយចិន នឹងកើតឡើងយ៉ាងល្អ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ពួកគេត្រូវធ្វើកិច្ចព្រមព្រៀង ពីព្រោះខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេកំពុងធ្លាក់ចុះ”។
ទីក្រុងប៉េកាំងបានប្រតិកម្មចំពោះសុន្ទរកថារបស់លោក Pence ដោយបញ្ជាក់ថា ចិនមិនចាប់អារម្មណ៍នឹង “សង្រ្គាមត្រជាក់”ជាមួយអាមេរិកទេ ហើយបានអះអាងថា វាមិនមែនជាជំហរ ដើម្បីប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកទេ។
បទអត្ថាធិប្បាយមួយនៅក្នុងសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានលើកឡើងថា “បើប្រៀបធៀបជាមួយអតីតសហភាពសូវៀត ដែលប្រកួតប្រជែងជាមួយអាមេរិក លើបញ្ហាក្តៅគគុកតែមួយក្នុងពេលសង្រ្គាមត្រជាក់ ចិនគឺខុសគ្នា ហើយចេតនាប្រកួតប្រជែងជាមួយអាមេរិក គឺខ្សោយជាងមុន ព្រោះចិនមិនចាប់អារម្មណ៍ ឬមិនអាចប្រកួតប្រជែងជាមួយអាមេរិកបាន”។
លោក Pence ក៏បានបញ្ជាក់ផងដែរនូវការគាំទ្ររបស់គាត់ ចំពោះក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលជាបញ្ហាដ៏ក្តៅគគុកសម្រាប់ទីក្រុងប៉េកាំង។

លោក Pence បាននិយាយថា “ហុងកុង គឺជាឧទាហរណ៍មួយនៃអ្វីដែលអាចកើតឡើង នៅពេលដែលចិនប្រកាន់យកសេរីភាព។ ហើយទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនអន្តរាគមន៍របស់ខ្លួន នៅក្នុងទីក្រុងហុងកុង និងបានចូលរួមសកម្មភាពកាត់បន្ថយសិទ្ធិ និងសេរីភាព ដែលប្រជាជនហុងកុងត្រូវបានធានា តាមរយៈកិច្ចព្រមព្រៀងអន្តរជាតិដែលមានជាប់ទាក់ទងគ្នា”៕