រដ្ឋាភិបាល​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ប្រើ​ Google​ Translation ​លើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​អន្តរក្រសួង​បានសម្រេច​ ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ ប្រើ​ Google​ Translation​ លើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​នោះ​ទេ​ ដោយសារ​ការបកប្រែ​មាន​បញ្ហា​ពិបាក​យល់​ និង​មិន​ស្រូវ​តាម​វចនានុក្រម​ខ្មែរ​។

បន្ទាប់ពី​បាន​ពិនិត្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយចំនួន​ ដែល​តែង​កើតមានឡើង​តាមរយៈ​ការ​លើកស្លា​កសញ្ញា​ក្រុមហ៊ុន​ និង​យីហោ​ហាង​លក់ទំនិញ​មួយចំនួន​ ភាគច្រើន​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ ជ្រើស​យក​ការបកប្រែ​ភាសាបរទេស​ តាមរយៈ​កម្មវិធី​ Google​ Translation​ ដែល​គ្មាន​ខ្លឹមសារ​ត្រឹមត្រូវ​តាម​បែប​ខេមរភាសា​នោះ​ រដ្ឋាភិបាល​បានសម្រេច​ធ្វើការ​ហាម​ និង​បញ្ឈប់​សកម្មភាព​ទាំងអស់​ខាងលើ​នេះ​ ហើយ​តម្រូវ​ឱ្យ​មានការ​សរសេរ​អក្សរជាតិ​ធំជាង​អក្សរ​បរទេស​ និង​ស្ថិតនៅ​ខាងលើ​គេ​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ ក្រោម​ការដឹកនាំ​ដោយ​លោក​ នេត្រ​ ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ពិភាក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​បណ្តាល​មក​ពី​គម្រោង​សាងសង់​អគារ​ខុន​ដូ​ និង​ផ្ទះល្វែង​ ប៉ាវ​លី​ហ័​រយាន​ ដែល​មាន​ទីតាំងនៅ​ភូមិ២​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ របស់​ក្រុមហ៊ុន​ ​KIMBERLY​ (CAMBODIA​) INTERNATIONAL​ INVESMENT​ COMPANY​ LIMITED​។

ក្រៅពី​បង្ហាញ​ការ​គាំទ្រ​ទៅលើ​គម្រោង​ទាំងស្រុង​ អន្តរក្រសួង​ក៏បាន​សម្រេច​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ ប្រើ​វិធីសាស្ត្រ​បកប្រែ​ខ្លឹមសារ​ឯកសារ​ ឬស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​តាមរយៈ​ Google​ Translation​ ។

ជាមួយគ្នា​នេះ​ អន្តរក្រសួង​ក៏បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​ អនុវត្ត​ទៅតាម​គោលការណ៍​មួយចំនួន​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ ដូចជា​ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​គម្រោង​ ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ និង​អនុលោម​តាម​លិខិត​អនុ​ ញ្ញា​តសាងសង់​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ និង​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​សំរាម​ សម្រាប់​ការគ្រប់គ្រង​ និង​ការ​ដឹក​ចេញ​សំណល់រឹង​ និង​សំណល់​ភក់​បាត​អាង​ប្រព្រឹត្តិ​កម្ម​។

ត្រូវ​មាន​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​ ច្រក​សុវត្ថិភាព​ ស្លាក​សញ្ញា​ណែនាំ​ និង​មាន​ទី​តាំង​សម្រាប់​ឧត្ថ​ម្ភា​គចក្រ​ចុះចត​ពេល​មាន​អន្តរាគមន៍​ ហើយ​អគារ​ត្រូវ​មាន​ស្តង់ដារ​សុវត្ថិភាព​បរិស្ថាន​ និង​ធានា​គុណភាព​សំណង់​ រួម​ជាមួយនឹង​ការកំណត់​ចាំបាច់​មួយចំនួន​ទៀត​ដែល​ធានា​ថា​ មិន​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​ពេល​សាងសង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here