ដោយ Donald Lee
ភ្នំពេញៈ សេដ្ឋកិច្ចអាស៊ីកំពុងឈានទៅរកការធ្លាក់ចុះ ដ៏ធំមួយនៅឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០។ នេះបើយោងតាមអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក។
លោក Ostry បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Xinhua ក្នុងសប្តាហ៍នេះថា “ដោយសារតំបន់អាស៊ីបើកចំហ ការពឹងផ្អែកលើពាណិជ្ជកម្ម និងការវិនិយោគ និងផលិតកម្មជាដើម វាមិនគួរឱ្យភ្ញាក់ផ្អើលទេថា អាស៊ីក៏នឹងមានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរនៅឆ្នាំ២០១៩ និង ២០២០”។
-->
នាយក IMF បាននិយាយលម្អិតអំពីការព្យាករណ៍ របស់ចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់របស់អង្គភាពខ្លួនដែលចេញនៅថ្ងៃពុធ។
សង្គ្រាមពាណិជ្ជកម្ម ភាពមិនប្រាកដប្រជារបស់ពិភពលោក និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ជាទូទៅកំពុងជះឥទ្ធិពលដល់កំណើនផលិតផល ក្នុងស្រុកសរុបយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដោយសារតែការពឹងផ្អែកលើពាណិជ្ជកម្មរបស់ខ្លួន ហើយការធ្លាក់ចុះនឹងកើតឡើងនៅឆ្នាំ២០២០។
លោក Ostry មានប្រសាសន៍ថា “នោះជាអ្វីដែលយើងកំពុងមើលឃើញនៅលើពិភពលោក ហើយយើងកំពុងមើលឃើញអ្វី ដែលនឹងកើតឡើងនៅក្នុងតំបន់អាស៊ី ជាពិសេសកត្តាខាងក្រៅ និងការពឹងផ្អែករបស់វាលើពាណិជ្ជកម្ម”។
តំបន់អាស៊ីគឺជាក្បាលម៉ាស៊ីន ដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលទទួលខុសត្រូវ ចំពោះពីរភាគបីនៃកំណើន ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ចិនដែលជាទីផ្សារធំបំផុតនៅអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកបានធ្លាក់ចុះដល់៦ភាគរយ នៅក្នុងត្រីមាសទី៣។ នេះបើយោងតាមរបាយការណ៍ការិយាល័យស្ថិតិជាតិ (NBS) ចេញផ្សាយក្នុងខែនេះ។
ត្រីមាសនេះ គឺជារយៈពេលដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត៣០ឆ្នាំ ហើយជាសញ្ញាបង្ហាញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចបានថមថយពីកំណើន ៦,២ភាគរយ នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។
ទីក្រុងប៉េកាំងបានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ មិនមែនជាមូលហេតុនៃការព្រួយបារម្ភនោះទេ ហើយជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន។
របាយការណ៍ដែលចេញផ្សាយ ដោយកាសែត People’s Daily របស់ចិនបានឱ្យដឹងថា “សេដ្ឋកិច្ចចិនបានធ្លាក់ចុះក្នុងត្រីមាសទី៣ ប៉ុន្តែវាមិនមែនជាអ្វីគួរឲ្យភិតភ័យទេ”។

របាយការណ៍នេះបានឱ្យដឹងទៀតថា “ស្ថិតក្នុងភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូររបស់ប្រទេស ពីដំណាក់កាលនៃកំណើនសេដ្ឋកិច្ចយ៉ាងលឿន ទៅការអភិវឌ្ឍប្រកបដោយគុណភាព វាជាលទ្ធផលល្អ និងស្របតាមច្បាប់មូលដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ច”៕