វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា

ភ្នំពេញ​៖ ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​សមាជិក​ចំនួន​ ២០រូប​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សេវា​មន្ទីរពេទ្យ​ នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​វិស័យ​ទាំងនេះ​ បាន​នឹង​កំពុង​មានសន្ទុះ​រីកចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃទី​ ២៥​ ខែតុលា​ ម្សិលមិញ​នេះ​ បាន​ស្វាគមន៍​ការ​បណ្តាក់​ទុន​នៅក្នុង​វិស័យ​ទាំងពីរ​នេះ​ ។

លោក​បន្ត​ ​“កម្ពុជា​មាន​គោលនយោបាយ​បើកចំហ​វិនិយោគ​ដោយ​គ្មាន​ការរើសអើង​ ហើយ​វិស័យ​ទាំងពីរ​នេះ​ទៀតសោត​ជា​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​នៅ​កម្ពុជា​”។

លោក​សុខ​ ចិន្តា​សោភា​ បានឱ្យ​ដឹង​អំពី​ការ​វិវត្ត​សំ​ខាន់​ៗនៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្ត​ភាព​វិនិយោគ​ ក៏ដូចជា​ការ​ដាក់ចេញ​នូវ​វិធាន​កា​រថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​។

គណៈប្រតិភូ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​សមាជិក​ចំនួន​ ២០រូប​ បាន​មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Tahir​ បេសកជន​ទទួលបន្ទុក​កិច្ចការ​វិនិយោគ​ និង​ជា​អនុប្រធាន​សភា​ពាណិជ្ជ​កម្ម​ឥណ្ឌូ​នេ​ស៊ី​ និង​ដោយមាន​វត្តមាន​ចូលរួម​របស់​ លោក​ Sudirman​ Haseng​) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បង្ហាញថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​ កាលពី​ឆ្នាំ២០១៨​ សម្រេច​បាន​ទឹកប្រាក់​ចំនួន​ ៥៥៨.៦២លាន​ដុល្លារ​ ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ មាន​ទឹកប្រាក់​ ៣៣លាន​ដុល្លារ​ និង​នាំចូល​មាន​ទឹកប្រាក់​ ៥២៥.៦លាន​ដុល្លារ​។

គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ ១៩៦.២៦លាន​ដុល្លារ​ គឺ​បាន​កើនឡើង​ ១០.៤៨​% ធៀប​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​។សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ ស្តី​ពី​ការ​មិន​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​ ព្រមទាំង​អនុស្សរណៈ​ស្តី​ពី​ការ​កសាង​សមត្ថភាព​លើ​វិស័យ​កសិកម្ម​ និង​សេដ្ឋកិច្ច​។

បន្ថែម​លើ​នេះ​ កាលពី​ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៩​ ឥណ្ឌូ​នេ​ស៊ី​បាន​បង្កើត​ជើងហោះហើរ​ត្រង់​ ពីទី​ក្រុង​ហ្សាកាតា​-ភ្នំពេញ​-ហ្សាកាតា​ ដោយក្រុម​ហ៊ុន​ City​ Link​ Indonesia​ រៀងរាល់ថ្ងៃ​ច័ន្ទ​ ពុធ​ សុក្រ​ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Airbus​ 320​ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ១៨០នាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here