ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងអាណត្តិទី៤ សភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំលើកទី១ ដើម្បីរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំនៅក្នុងអាណត្តិថ្មី រួមជាមួយនឹងកិច្ចសំណេះសំណាលដើម្បីពង្រឹងប្រសិទ្ធភាពសហប្រធានក្រុមការងារទាំង១៣ផ្នែកឯកជន ដែលបានបង្កើតហើយ ដើម្បីជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់បន្ថែមទៀត។
បន្ទាប់ពីបានធ្វើការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងអាណត្តិទី៤ ដែលជាលទ្ធផល តំណែងប្រធានត្រូវបានប្រគល់ជូនអ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់គ្រង និងដឹកនាំបន្តសម្រាប់អាណត្តិថ្មីនេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ សភាពាណិជ្ជកម្មបានបើកកិច្ចប្រជុំលើកទី១ ក្នុងអាណត្តិទី៤ ដើម្បីរៀបចំរចនាសម្ព័ន្ធសភាពាណិជ្ជកម្មសម្រា់អាណត្តិថ្មី ក្រោមវត្តមានជាអធិបតីរបស់អ្នកឧកញ៉ា គិត ម៉េង ។
-->
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះថា កិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ គឺត្រូវបានធ្វើឡើងចំនួន២លើក គឺពេលព្រឹក និងពេលរសៀល។ លោកឧកញ៉ាបានបន្តទៀតថា “ពេលព្រឹកគឺរៀបចំកិច្ចប្រជុំលើកទី១ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ/កម្ពុជា និងវត្តមានសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១”។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សា និងរៀបចំសមាជិកការិយាល័យប្រតិបត្តិ អនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិកនៃផ្នែកទាំង៤ប្រភេទ ដែលមានដូចជា ទី១ ប្រភេទពាណិជ្ជកម្ម, ទី២ ប្រភេទឧស្សាហកម្ម , ទី៣ ប្រភេទសេវាកម្ម និង វិជ្ជាជីវៈសេរី និងទី៤ ប្រភេទកសិកម្ម។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តទៀតថា “សម្រាប់កិច្ចប្រជុំពេលថ្ងៃនីថ្ងៃដដែលនេះ គឺការរៀបចំកិច្ចប្រជុំសំណេះសំណាលសហប្រធានក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន រួមជាមួយនឹងវត្តមានរបស់សមាសភាពដែលជាសហប្រធានក្រុមការងារទាំង១៣តាមផ្នែកនីមួយៗ”។ លោឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹង និងអនុវត្តអោយកាន់តែមានប្រសិទ្ធភាពថែមទៀតតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសហប្រធានទាំង១៣ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំស្តីពីលទ្ធផលសកម្មភាពការងាររបស់ក្រុមការងារនីមួយៗដែលបានសំរេចនាពេលកន្លងមក និងទិសដៅការងារនាពេលខាងមុខ”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានមានប្រសាសន៍បន្តទៀតថា “សម្រាប់លទ្ធផលនៃការអនុវត្តរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីពេលកន្លងទៅគឺមានភាពល្អប្រសើរជាច្រើន ជាពិសេសក្នុងកិច្ចសម្របសម្រួលរវាងវិស័យឯកជន ជាមួយវិស័យរដ្ឋាភិបាល ក្នុងការពង្រីក និងបង្កើនការវិនិយោគទាំងក្នុង និងក្រៅប្រទេស”។
លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងអាណត្តិថ្មីទី៤នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តការអនុវត្តការងារដែលនៅសល់កាលពីអាណត្តិចាស់ដើម្បីបញ្ចប់ ហើយចាប់ផ្តើមអនុវត្តការផែនការយុទ្ធសាស្ត្រថ្មី ដែលមានប្រសិទ្ធភាពក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវិជ្ជាជីវៈសេរី ដើម្បីធ្វើយ៉ាងណាមានលទ្ធភាពខ្ពស់ក្នុងការធ្វើពិពិធកម្មជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតនៅលើសាកលលោកតាមដែលលទ្ធភាពអាចធ្វើទៅបាន”។
ជាសមិទ្ធផលសំខាន់ៗដែលសភាពាណិជ្ជកម្មកម្ពុជា បានធ្វើកាលពីពេលកន្លងទៅ ក្រៅពីជាអ្នកសម្របសម្រួល ដោះស្រាយបញ្ហាវិនិយោគរវាងវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា នៅមានចំណុចសំខាន់ៗផ្សេងមួយចំនួនដែលសុទ្ធតែផ្តល់នូវភាពល្អប្រសើរដល់បណ្តាវិនិយោគិន ដូចជាចូលរួមគាំទ្រនូវការកាត់បន្ថយការិយាធិប្បតេយ្យ (ការិយាល័យអាណាធិប្បតេយ្យ) ដែលអាចជួយលុបបំបាត់នូវអំពើពុករលួយបានមួយចំណែក ជាពិសេសចូលរួមអនុវត្តតាមអភិក្រមទាំង ៥ របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ផងដែរ៕