ដោយ គង់ សូរិយា
ភ្នំពេញៈ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានបើកបវេសនកាលឆ្នាំសិក្សា ២០១៩ – ២០២០ ជាមួយនឹងវត្តមាននិស្សិតអាហាររូបករណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន ពិសេសស្តង់ដានៃការអប់រំ ដែលផ្តោតលើនវានុវត្តន៍នៃពេលអនាគត។

-->
លោក TAKESHI Izuka អគ្គនាយកនៃក្រុមហ៊ុន A2A Town Cambodia ដែលបានបើកវិទ្យាស្ថាន KIT ក្នុងគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាព ដល់និស្សិតកម្ពុជា និងអន្តរជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបានបង្កើតឡើង ដើម្បីជួយដល់និស្សិតកម្ពុជាឆ្លើយតបនឹងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍកម្ពុជា។ និស្សិតសិក្សានៅទីនេះ ទទួលបានអាហារូបករណ៍១០០ភាគរយ ជាមួយអាហារប្រចាំថ្ងៃ អន្តេវាសិកដ្ឋានសំរាប់ស្នាក់នៅ ការបោកគក់សម្លៀកបំពាក់ និងសម្ភារៈសិក្សាជាដើម។
កម្មវិធីសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យមានចំនួនពីរ ទី១ វិស្វកម្មកុំព្យូទ័រ និងបដិសណ្ឋារកិច្ច ជាមួយគ្រូបរទេសនិងសិក្សាជាភាសាអង់គ្លេស។ លើសពីនេះពួកគេត្រូវសិក្សាមួយថ្ងៃ៨ម៉ោង ដោយ៤ម៉ោងសិក្សាក្នុងថ្នាក់ និង៤ម៉ោងអនុវត្តន៍ផ្ទាល់លើកម្មវិធីសក្សារបស់ពួកគេ។
លោក Takeshi Izuka បានមានប្រសាសន៍ថា គិតចាប់ពីពេលបើកដំណើរការចាប់តាំងពីឆ្នាំ២០០៤ រហូតមកទល់ពេលនេះ KIT បានទទួលនិស្សិតអាហារូបករណ៍ជាង៣០០នាក់់ ដែលមាននិស្សិតជនជាតិខ្មែរភាគច្រើន និងនិស្សិតជប៉ុនជាដើម។
លោកម៉ក់ ងយ អគ្គនាយកនៃនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបង្កើតកម្មវិធីសិក្សាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺគោលនយោបាយអភិវឌ្ឍន៍វិស័យស្សាហកម្មឆ្នាំ២០១៥ ២០២៥ និងគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាក្រោយឆ្នាំ២០៣០។ ការពង្រឹងធនធានមនុស្សជំនាញ ជាអ្វីដែលដើរស្របគ្នា នឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីរុញកម្ពុជាឲ្យឈានឡើងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបន្តថា និស្សិតសិក្សានៅទីនេះ ពួកគេស្នាក់នៅរួមគ្នា ហូបចុករួមគ្នា ចែករំលែកសុខទុក្ខរួមគ្នា ជាអ្វីដែលស្របនឹងគោលនយោបាយរបស់ក្រសួង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង មានជំនាញ ចេះរស់នៅជាមួយគ្នា ដើម្បីកសាងសហគមន៍ និងសង្គមមួយប្រកបដោយភាពសុខសាន្ត។
កញ្ញា Yumi Nakahara និស្សិតមកពីប្រទេសជប៉ុន ដែលបានមកសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបានមានប្រសាសន៍ថា ដោយបានសិក្សាស្វែងយល់ពីវិទ្យាស្ថាននេះ កញ្ញាបានសម្រេចចិត្តមកសិក្សានៅទីនេះ លើជំនាញវិស្វកម្មកុំព្យូទ័រ ដែលជាជំនាញមួយកញ្ញាចូលចិត្ត ព្រោះពេលបញ្ចប់ការសិក្សាកញ្ញា អាចត្រលប់ទៅបំពេញការងារនៅប្រទេសជប៉ុនវិញបាន។កញ្ញាបន្តថា កម្មវិធីសិក្សា និងទីតាំងរបស់វិទ្យាស្ថាននេះមានភាពអំណោយផលដល់ការសិក្សា ហើយយើងរីករាយក្នុងការសិក្សានៅទីនេះ ជាមួយនិស្សិតកម្ពុជា និងនិស្សិតជប៉ុនជាច្រើនដែលបានសិក្សានៅទីនេះ។
ចំណែកកញ្ញាហ៊ុយ វីរីយ៉ានិស្សិតអាហារូបករណ៍ ដែលបានចាប់ផ្តើមចូលរៀននៅក្នុងវិទ្យាស្ថាននេះ សម្រាប់ឆ្នាំសិក្សា២០១៩ ២០២០បានមានប្រសាសន៍ថា កញ្ញារីករាយដែលបានប្រលងជាប់អាហារូបករណ៍នៅទីនេះ ហើយកញ្ញាមានអារម្មណ៍នឹកផ្ទះពេលមកស្នាក់នៅវិទ្យាស្ថាននេះតំបូងៗ ប៉ុន្តែមួយរយៈក្រោយមក យើងមានមិត្តភ័ក្តិ យើងសិក្សារួមគ្នា ធ្វើឲ្យយើងមានភាពរីករាយជាមួយបរិយាកាសនៅទីនេះ នឹងបរិយាកាសធម្មជាតិនៅទីនេះ ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតរបស់យើង។
កញ្ញាបន្តថា ការប្រលងជាប់ជានិស្សិតអាហារូបករណ៍នៅទីនេះ មិនងាយស្រួលនោះទេ វាទាមទារនូវការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវមានអត្តចរិកល្អ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ។
លោកបណ្ឌិតឆែម គាតរិទ្ឋី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលនៅ KIT បានមានប្រសាសន៍អបអរសាទរ និងកោតសរសើរដល់ KIT ពិសេសលោក Takeshi Izuka ដែលបានបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ពិសេសការរៀបចំកម្មវិធីសិក្សា ប្រកបដោយគុណភាពកម្រិតអន្តរជាតិ។
លោកបន្តថា និស្សិតសិក្សានៅទីនេះ ពួកគេប្រឈមបញ្ហាមួយចំនួន ដូចជាការបែកចេញពីគ្រួសារ ដែលនេះជាការប្រឈមមួយសំរាប់ប្រពៃណីទំនៀមទំលាប់ខ្មែរ ប៉ុន្តែពួកគេត្រូវតែចេះសម្របខ្លួនដែលបែកពីគ្រួសារ ដូច្នេះប្អូនៗត្រូវតែចេះរៀនរស់ដោយខ្លួនឯង រៀនរស់នៅជាមួយមិត្តភ័ក្តិ និងរៀនរស់បែបជាសហគមន៍មួយ ដែលផ្តល់សារៈប្រយោជន៍ និងគុណតម្លៃសំរាប់ជីវិតរបស់ពួកគេ៕




